ក្រុមហ៊ុនយក្ស HITÂCHI Ltd បានបង្ហើបពីការសម្រេចចិត្តលក់ភាគហ៊ុនប្រមាណ ៥១% នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ Hitachi Construction Machinery Co ទៅឲ្យក្រុមហ៊ុនជួញដូរ Itochu Corp និងក្រុមហ៊ុនវិនិយោគ Japan Industrial Partners។ នេះបើតាមការផ្សាយផ្ទាល់ពី NHK។
Hitachi នឹងលក់ចំណែកភាគហ៊ុនក្នុងទំហំទឹកប្រាក់ ២០០ ពាន់លានយ៉េន ឬ ១,៧ ពាន់លានដុល្លារ។ នេះបើតាមការឲ្យដឹងពី Nikkei ដែលមិនត្រូវបានបង្ហើបឲ្យដឹងច្បាស់ពីប្រភពឡើយ ខណៈមូលធនទីផ្សាររបស់ក្រុមហ៊ុនសំណង់មួយនេះមានតម្លៃដល់ទៅ ៧៥៣ ពាន់លានយ៉េន។
ទឹកប្រាក់ដែលបានមកនឹងយកមកអភិវឌ្ឍន៍បន្ថែមទៅលើវិស័យផ្សេងៗទៀតរបស់ក្រុមហ៊ុន Hitachi ដែលមានដូចជា រោងចក្រផលិតបន្ទះឈីប Hitachi Kokusai Electric និងរោងចក្រផលិតថ្នាំគីមី Hitachi Chemical ជាដើម។
បញ្ជាក់ដែរថា Hitachi Construction កាលពីឆ្នាំទៅធ្លាប់រកចំណូលបានដល់ទៅ ៨១៣ ពាន់លានយ៉េន ឬជាង ៧ ពាន់លានដុល្លារ ពីការលក់អេស្កាវ៉ាទ័រ រទេះរុញ ឡានចាក់សំរាម និងគ្រឿងបន្លាស់ជាដើម ជាមួយនឹងបុគ្គលិកប្រហែល ២៥ ០០០ នាក់ទូទាំងពិភពលោក និងភាគច្រើនជាការលក់ចេញក្រៅប្រទេសជប៉ុន៕
ប្រភព: CNA