រាជរដ្ឋាភិបាលបានបង្កើនការផ្ទេរថវិការដ្ឋដើម្បីយកទៅប្រើប្រាស់អភិវឌ្ឍភូមិឃុំ ឆ្លើយតបតម្រូវការរបស់ពលរដ្ឋតាមមូលដ្ឋាន។
ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាព នៃដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ សម្រាប់ថ្នាក់ក្រោមជាតិ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន(គ.ជ.អ.ប) បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលបានបង្កើនការផ្ទេរថវិការដ្ឋទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរហូតមកទល់ឆ្នាំ ២០២១ នេះ មានថវិកាសរុបប្រមាណជាង ៤.០០០ លានដុល្លារអាមេរិក សម្រាប់ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។ ដោយឡែកឆ្នាំ២០២២ រដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបានថវិកាសរុប ១ ០៤៣ លានដុល្លារ។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តលើកញ្ចប់ថវិកានៃកម្មវិធីអភិវឌ្ឍថ្នាក់ក្រោមជាតិ ដោយបានបែងចែកជា៣ផ្នែកធំៗ រួមមាន៖ ទី១.ថ្នាក់រាជធានី-ខេត្ត ទី២.ថ្នាក់ក្រុង-ស្រុក-ខណ្ឌ និងទី៣.ថ្នាក់ឃុំ-សង្កាត់ ដែលទំហំទឹកប្រាក់នៃការបែងចែកផ្អែកទៅលើវិសាលភាពជាក់ស្តែងនៃGDP និងការគ្រប់គ្រងក្នុងតំបន់និមួយៗ។ កញ្ចប់ថវិកាដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី២នេះ មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺមានការឡើងខ្ពស់ដាច់ឆ្ងាយពីដំណាក់កាលទី១ ព្រោះគ្រាន់តែកញ្ចប់ថវិកាអភិវឌ្ឍឃុំ-សង្កាត់ ដែលពីមុនមានត្រឹម៤៥០០ដុល្លារក្នុងឆ្នាំ(២០០២) បានហក់ឡើងមក ១២,៧០០០ដុល្លារនៅឆ្នាំ២០២២នេះ។
លោកបន្តថា ឆ្នាំ ២០២២ សម្រាប់ឃុំសង្កាត់មានថវិកាចំនួន ២០៧ លានដុល្លារ។ ឆ្នាំ២០០២ ឃុំ សង្កាត់នីមួយៗមានថវិកាជាមធ្យម ៤,៥០០ដុល្លារក្នុង១ឆ្នាំ និងឆ្នាំ២០២២ មានចំនួន ១២៧,០០០ដុល្លារ/១ឆ្នាំ។
ដោយឡែកសម្រាប់ក្រុងស្រុកមានថវិកាចំនួន ១៣៩ លានដុល្លារ រួមជាមួយថវិការក្នុងវិស័យអប់រំប្រមាណជាង ៣៣លានដុល្លារ។ ឆ្នាំ២០១៣ ក្រុង ស្រុកនីមួយៗមានថវិកាជាមធ្យម ៧៩,៣៥៣ ដុល្លារក្នុង១ឆ្នាំ។ ឆ្នាំ២០២២ មានជាង ៥៧០,០០០ដុល្លារ/១ឆ្នាំ។
សម្រាប់រាជធានី ខេត្ត មានថវិកាចំនួន ៦៩៧ លានដុល្លារ រួមបញ្ចូលទាំងថវិកាផ្ទេរក្នុង វិស័យសុខាភិបាលប្រមាណជិត ១៧០លានដុល្លារផងដែរ៕