កាលពីពេលថ្មីៗនេះ លោក Amancio Ortega ដែលជាមហាសេដ្ឋីជនជាតិអេស្ប៉ាញ និងជាម្ចាស់ម៉ាកយីហោហាងសម្លៀកបំពាក់ល្បីឈ្មោះ Zara បានចំណាយលុយប្រមាណ ១,២ ពាន់លានដុល្លារទិញយកអគារពាណិជ្ជកម្មនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា។
អគារពាណិជ្ជកម្មដែលត្រូវបានមហាសេដ្ឋីអេស្ប៉ាញទិញកាលពីពេលថ្មីៗនេះ គឺមានឈ្មោះថា Royal Bank Plaza ដែលជាទីប្រមូលផ្ដុំដោយធនាគារជួរមុខប្រចាំប្រទេស និងជាកន្លែងពាណិជ្ជកម្មធំៗផងដែរ។
បើតាមសម្ដីរបស់អ្នកតំណាងគ្រួសារត្រកូល Ortega បានបញ្ជាក់ប្រាប់ទៅកាន់ Bloomberg News កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Oxford Properties និង Canada Pension Plan Investment Board បានដាក់អគារមួយនេះលក់លើទីផ្សារតាំងពីឆ្នាំ ២០២១ មកម៉្លេះ និងដាក់តម្លៃប្រហែលខ្ទង់ ១ ពាន់លានដុល្លារ។
ដោយឡែក ការបញ្ជាទិញអគាររបស់ម្ចាស់ម៉ាកយីហោ Zara មួយនេះ បានក្លាយជាការទិញអចលនទ្រព្យធំបំផុតមួយលើលោក គិតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ ខណៈក្រុមហ៊ុនអចលនទ្រព្យ CBRE បានបង្ហើបថា តាំងពីមានការរាតត្បាតមក ចំណូលរបស់ Royal Bank Plaza ហាក់មានការធ្លាក់ចុះបន្តបន្ទាប់ ដោយសារក្រុមហ៊ុនជាច្រើនមានបំណងចង់ឈប់ជួលកន្លែង និងងាកមកទីស្នាក់ការរបស់ពួកគេវិញ។
បញ្ជាក់ដែរថា ថ្វីបើជះលុយជាង ១ ពាន់លានដុល្លារទៅលើអគារពាណិជ្ជកម្មខ្នាតយក្សមួយនេះមែនពិត តែ Royal Bank Plaza មិនមែនជាអចលនទ្រព្យទី ១ នៅទ្វីបអាមេរិកខាងជើងដែល គ្រួសារ Ortega គ្រប់គ្រងឡើយ ពោលនៅមានដូចជា អគារប្រវត្តិសាស្ត្រ Haughwout នៅទីក្រុងម៉ាហាថាន់ សណ្ឋាគារ Chicago អគារការិយាល័យខ្ពស់បំផុតនៅទីក្រុង Miami និងអគារការិយាល័យចំនួនពីរនៅ Seattle ជួលដោយក្រុមហ៊ុន Amazon៕
ប្រភព: dailyhive