កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីអាមេរិកាំង Rihanna បានជាប់ឈ្មោះចូលទៅក្នុងបញ្ជីមហាសេដ្ឋីមានបំផុតលើលោកជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក។
ជាមួយគ្នានោះ ទស្សនាវដ្ដី Forbes បានចុះផ្សាយទៀតថា ទំហំទ្រព្យសម្បត្តិជិត ២ ពាន់លានដុល្លារនេះផងដែរ បានជួយឲ្យ Rihanna ក្លាយជាតារាចម្រៀងស្រីមានបំផុតលើលោក និងជាតារាស្រីមានបំផុតទី ២ បន្ទាប់ពីអ្នកស្រី Oprah Winfrey។
ស្ថិតនៅក្នុងវ័យ ៣៣ ឆ្នាំ តារាស្រីកាន់សញ្ជាតិ ២ រូបនេះអាចចាត់ទុកបានថា មានបទពិសោធន៍ក្រាស់ក្រែលនៅក្នុងវិស័យចម្រៀង ដោយអាល់ប៊ុមចម្រៀងរបស់នាងវៃចេញរហូតប្រមាណ ២៥០ លានអាល់ប៊ុម និងមានជំនួញជាច្រើននៅក្នុងដៃ តួយ៉ាង Fenty Beauty ដែលជាម៉ាកយីហោគ្រឿងតុបតែងមុខដែលបានសម្ពោធកាលពីឆ្នាំ ២០១៧ ជាដើម។
ក្រៅពីបើកហាង Brand ផ្ទាល់ខ្លួន មហាសេដ្ឋីរូបនេះនៅមានសហការជាមួយនឹងក្រុមហ៊ុនគ្រឿងអលង្ការស៊ីវិល័យដូចជា LVMH របស់មហាសេដ្ឋីបារាំង Bernard Arnault ដែលជាការចូលហ៊ុនស្មើគ្នា 50-50។
ថ្វីបើមានឈ្មោះជាតារាចម្រៀងមែនពិត តែចំណូលភាគច្រើនដែលបានជួយឲ្យ Rihanna ក្លាយជាមហាសេដ្ឋីគឺ បានមកពីជំនួញខាងក្រៅច្រើនជាង ជាក់ស្ដែងកាលពីឆ្នាំ ២០១៨ ចំណូលប្រចាំឆ្នាំរបស់ Fenty Beauty លក់ដាច់ខ្លាំង ដល់ថ្នាក់ទទួលបាន ៥៥០ លានដុល្លារ និងនៅមានជំនួញនៅលើវិស័យខោអាវទ្រនាប់ Savage x Fenty ដែលបង្កើតនៅឆ្នាំ ២០១៧ អាចរកចំណូលបាន ១១៥ លានដុល្លារនៅឆ្នាំនេះ បង្កើនទ្រព្យសម្បត្តិសរុបរបស់ Rihanna ដល់ខ្ទង់ពាន់លានដុល្លារ៕
ប្រភព: oicanadian