សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នាថ្ងៃសុក្រ ទី១៤ ខែមករាម្សិលមិញ។ នៅក្នុងជំនួបនោះ សម្ដេច ហ៊ុន សែន បានថ្លែងប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីសិង្ហបុរី អំពីលទ្ធផល និងគោលបំណងនៃដំណើរបំពេញទស្សនកិច្ចការងារទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះគឺ ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ជាពិសេសធ្វើយ៉ាងណាបញ្ឈប់អំពើហិង្សា និងបទឈប់បាញ់ នឹងការផ្ដល់អំណោយមនុស្សធម៌ដែលប្រជាជនមីយ៉ាន់ម៉ាកំពុងត្រូវការជាចាំបាច់នោះ ព្រមទាំងជំរុញឲ្យមានការសន្ទនា ដែលជាការងារចាំបាច់ក្នុងនាមសម្ដេចជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។
នៅក្នុងជំនួបនោះ លោក លី សៀនឡុង បានអរគុណសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះគោលបំណងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានេះ។ លោកក៏បានគូសបញ្ជាក់ដែរថា លោកពិតជាមានការគាំទ្រចំពោះការខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ជាពិសេសក្នុងនាមជាប្រធានអាស៊ាន រួមទាំងការងារប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ។
ទោះយ៉ាងណា នៅចំពោះមុខវិបត្តិនៅប្រទេសភូមានេះទៀតសោត ភាគីខាងសិង្ហបុរី បានឯកភាពជាមួយ សម្ដេច ហ៊ុន សែន ថា ការងារបន្តគឺទុកឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានមានការប្រជុំដើម្បីពិនិត្យមើលការងារបន្តទៀតជាពិសេសការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ាននេះ ដែលក្នុងកាលៈទេសៈនេះត្រូវតែមានការជួយដល់ប្រទេសមីយ៉ាន់ម៉ាដើម្បីដោះស្រាយវិបត្តិនយោបាយនេះ។
សូមជម្រាបជូនថា តាមការគ្រោងទុក រដ្ឋមន្ដ្រីការបរទេសនៃបណ្ដាប្រទេសអាស៊ាន នឹងត្រូវជួបប្រជុំគ្នា នៅថ្ងៃទី១៨និង១៩ខែមករាខាងមុខ នៅក្នុងខេត្តសៀមរាប ប៉ុន្តែកិច្ចប្រជុំនេះត្រូវកម្ពុជាសម្រេចផ្អាក ដោយមិនមានពេលវេលាកំណត់ ក្រោមហេតុផលថា រដ្ឋមន្ដ្រីនៃបណ្ដាប្រទេសនានា ពិបាកក្នុងការធ្វើដំណើរមកចូលរួមប្រជុំ ក្នុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត៕