ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ថា ជាតិ និងកងទ័ពត្រូវការគ្នាទៅវិញទៅមក។ ជាតិត្រូវការកងទ័ពដើម្បីភាពរឹងមាំឯកងទ័ពវិញត្រូវការជាតិមួយដែលរឹងមាំ ដែលជាឱកាសដើម្បីកសាង និងអភិវឌ្ឍន៍សមត្ថភាពកងទ័ពឱ្យកាន់តែខ្លាំងក្លា និងពេញលេញអាចទទួលរ៉ាប់រងភារកិច្ចដែលកាន់តែស្មុគ្រស្មាញ ប្រែប្រួលទៅតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងភាពជឿនលឿននៃបច្ចេកវិទ្យា ជាពិសេសការវិវត្តប្រែប្រួលដ៏ឆាប់រហ័សនៃសភាពការណ៍សន្តិសុខអន្តរជាតិ។
លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅរបស់ផ្នែកសឹករងបរសេដ្ឋ និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ នាថ្ងៃទី១៤ ខែមករានេះ។
បើតាមលោក ហ៊ុន ម៉ាណែត កងយោធពលខេមរភូមិន្ទផ្ទាល់ចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែងជំរុញអភិវឌ្ឍសមត្ថភាព និងប្រសិទ្ធភាពការងារ ដើម្បីធានាបាននូវការឆ្លើយតបចំពោះរាល់សំណូមពរភារកិច្ចនៅគ្រប់កាលៈទេសៈ។ លោកបន្តថា ក្នុងពេលចំពោះមុខ ការងារនេះ គឺអាចចាប់ផ្តើមពីអង្គភាពនីមួយៗ ដែលត្រូវម្ចាស់ការលើខ្លួនឯង រួមផ្សំនឹងគំនិតច្នៃប្រឌិតខិតខំរិះរកវិធីពិនិត្យដោះស្រាយតាមតម្រូវការជាក់ស្តែងផ្អែកលើសក្តានុពលធនធានរបស់ខ្លួន និងត្រូវរៀបចំឱ្យមានប្រព័ន្ធការងារត្រឹមត្រូវច្បាស់លាស់ និងប្រកបដោយគណនេយ្យភាព។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងពីស្ថានការណ៍ជំងឺកូវីដ-១៩ ដែលលោកចាត់ទុកថា ជាសោកនាដកម្មមួយប្រៀបបានទៅនឹងស្ថានភាពក្នុងរបបប៉ុលពត ដែលប្រជាជាតិកម្ពុជាធ្លាប់បានឆ្លងកាត់ដ៏សែនសង្វេគ ព្រោះបានឆក់យកជីវិតប្រជាពលរដ្ឋយ៉ាងឆាប់រហ័សហើយក្រុមគ្រួសារពុំអាចរៀបចំពិធីបុណ្យសពតាមប្រពៃណីសាសនា បានទាន់ពេលវេលាឡើយ។ យ៉ាងណាក៏ដោយសោកនាដកម្មកូវីដ-១៩បានប្រែក្លាយជាមានសភាពធូរស្រាលដោយសារសម្តេចតេជោ មានការសម្រេចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺនេះ តាមរយៈពិចារណាវិនិច្ឆ័យ និងសម្រេចអារកាត់រហ័សទាំងក្នុងការទិញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋ រហូតបង្កលក្ខណៈឱ្យមានការបើកដំណើការប្រទេសឡើងវិញលើគ្រប់វិស័យ។
លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា នេះក៏ព្រោះប្រមុខដឹកនាំសម្តេច ហ៊ុនសែន គឺអាចសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩នេះ ដូចអ្វីដែលសម្តេចធ្លាប់ធ្វើនៅក្នុងការរំដោះប្រជាពលរដ្ឋឱ្យរួចចេញផុតពីការកាប់សម្លាប់នៃរបបប៉ុលពតដែរ៕