ក្នុងបទសម្ភាសជាមួយនឹងអ្នកសារព័ត៌មានស្ដីពី «តួនាទីនៃវិស័យអប់រំឯកជន» កាលពីពេលកន្លងទៅ លោកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន មើលឃើញថា វិស័យអប់រំ សុខាភិបាល និងធនាគារ ទាំងបីនេះ គឺជាវិស័យដែលមិនចេះអស់ម៉ូយ និងមានសក្តានុពលបំផុតក្នុងការធ្វើជំនួញ ជំរុញសេដ្ឋកិច្ចសង្គមជាតិ។
លោកបន្តថា ការធ្វើអាជីវកម្មមានមុខរបររាប់ម៉ឺនរាប់សែនដែលត្រូវរកស៊ី ប៉ុន្តែការរកស៊ីក្នុងជំនួញប្រភេទទាំងនោះ មិនប្រាកដថាសុទ្ធតែទទួលបានជោគជ័យនោះទេ។ ដូច្នេះបើចង់បើកអាជីវកម្មជោគជ័យបានយូរអង្វែង គឺចេះជ្រើសរើសយកអាជីវកម្ម ឬមុខរបរណាដែលមិនសូវមានការប្រកួតប្រជែងដែលមិនចេះអស់ម៉ូយ (អតិថិជន)។ មុខរបរដែលមានអតិថិជនមិនចេះរីងស្ងួត គឺរបរលក់ថ្នាំពេទ្យ ឬមន្ទីរព្យាបាល (ពេទ្យ) វិស័យអប់រំ និងធនាគារ។ អាជីវកម្មបែបនេះ នៅទីណាក៏គេត្រូវការ ហើយនៅពេលគេទទួលបានសេវាហើយ គេអរគុណយើងទៀត។
លោកឧកញ៉ា គួច ម៉េងលី បញ្ជាក់ថា ក្នុងចំណោមវិស័យដែលលូតលាស់ និងពេញនិយមខ្លាំង គឺវិស័យអប់រំ សុខាភិបាល និងធនាគារ។ ប៉ុន្តែការរកស៊ីរបស់អ្នកជំនួញរូបនេះថា ទោះបីវិស័យទាំងនេះ មានតម្រូវការខ្លាំងតែនៅមានខ្វះចន្លោះច្រើន ព្រោះវិស័យទាំងនេះនៅមានកម្រិតនៅឡើយ ដែលតម្រូវឱ្យអ្នកជំនួញកម្ពុជាចូលរួមវិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យកាន់តែរីចម្រើន។ ម្ដងហើយម្ដងទៀត លោកឧកញ៉ា នៅតែសង្កត់ធ្ងន់ថា នានាប្រទេសលើពិភពលោកមិនអាចខ្វះបានទេ នូវវិស័យទាំងបីនេះ ព្រោះវាជាគ្រឹះដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។
ប្រភព៖ interconrooster.com