អ្នកឧកញ៉ា ម៉ុង ឬទ្ធី លើកយកជ្រុងនៃគំនិតជោគជ័យផ្ទាល់ខ្លួនក្នុងវិស័យកសិកម្ម មកចែករំលែក

ជុំវិញ​ឧកញ៉ា

ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារបានធ្លាក់ចុះយ៉ាងគំហុកដោយសារតែតម្លៃសាច់ជ្រូកលើទីផ្សារមិនស្ថិតស្ថេរ ការនាំចូលជ្រូកពីប្រទេសជិតខាងនិងចំណីមានតម្លៃខ្ពស់ព្រមជាមួយនឹងប្រភេទជ្រូកមួយចំនួនត្រូវការបច្ចេកទេសនិងជំនាញក្នុងការចិញ្ចឹម ដែលបានបង្ខំឲ្យកសិករដែលជាចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារបោះបង់ការងារនេះចោល។ ដោយឡែក ការចិញ្ចឹមជ្រូកជាលក្ខណៈពាណិជ្ជកម្មបានកើនឡើងដោយសារតែកសិដ្ឋានទាំងអស់នោះអាចផ្គត់ផ្គង់នូវតម្រូវការដែលមានក្នុងការចិញ្ចឹមជ្រូក។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា នាពេលកន្លងមក ​បាន​ស្នើឲ្យ​ប្រជាជន​ខិតខំ​ពង្រឹង​ការចិញ្ចឹម​សត្វ​ជ្រូក​ឡើងវិញ​ ដើម្បី​កាត់បន្ថយ​ការនាំចូល ខណៈ​បច្ចុប្បន្ន​ជ្រូក​កំពុង​មាន​តម្រូវការ​ច្រើន និង​មាន​តម្លៃ​ខ្ពស់​។ ដូចនេះ វិស័យ​កសិកម្ម​ នៅ​តែ​ត្រូវ​បាន​​ចាត់ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​ ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា​វិស័យ​តែ​មួយ​គត់​ដែល​មិនសូវ​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​​វិបត្តិនៃជំងឺកូវីដ-១៩ នាពេលកន្លមក។ ក៏ព្រោះតែថាជាដង្ហើមដ៏សំខាន់នៃសេដ្ឋកិច្ច អ្នកជំនាញនៅក្នុងវិស័យកម្មបានលើកឡើងថា កសិករគួរកែប្រែទម្លាប់ ដើម្បីដើរឲ្យទាន់ទីផ្សារ ឬអាចនិយាយបានថាទទួលបានផលចំេណញច្រើនពីមុខរបរកសិកម្ម។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលរកស៊ីជោគជ័យរាប់សិបឆ្នាំក្នុងវិស័យកម្ម បានលើកឡើងនូវ​ជ្រុងមួយនៃ​គំនិត​របស់លោក​ ដែលបាន​អនុវត្ត​កន្លង​មក​លេីវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ដាំដុះ​និង​ចិញ្ចឹម​សត្វ ដើម្បី​ឲ្យប្រជា​កសិករ​​ដែលនិយម​ចូលចិត្ត​ ប្រកបមុខ​របររកស៊ី​លេី​វិស័យ​នេះដកបទពិសោធន៍។ អ្នកឧកញ៉ាបានគូសបញ្ជាក់ថា កសិករដែល​ជាអ្នក​ចិញ្ចឹម​សត្វ​មួយចំនួន​ធំ​ បាន​ផ្តោត​អារម្មណ៍​ទៅលើការ​ចិញ្ចឹម​សត្វ​ លក់សត្វយកផល​ចំណេញ​តែម្តង​ ចំណែក​រូបលោក​វិញ គឺ​ចិញ្ចឹម​សត្វ​យក​លាមក​សត្វ​មកផលិត​ជាហ្គាស់​ ដុត​បញ្ចេញ​ជា​ថាមពល​អគ្គិសនី​បំរេីសេចក្តី​ត្រូវការ​ ខណៈឯ​កាកសំណល់​របស់វា​យកមក​ផលិតជាជី​ធម្មជាតិ​ ដាក់ដំណាំ​បាន​ជាច្រើន​ប្រភេទ ទេីបបាន​លក់ជ្រូក​យកប្រាក់​ជាក្រោយ។ លោកបានអះអាងថា ធ្វេី​ដូចនេះ​មិន​មាន​ផលប៉ះពាល់ដល់​បរិស្ថាន​ ហើយចំណេញ​ប្រាក់ថ្លៃទិញ​អគ្គិសនី​ និងថ្លៃទិញជី​ដាក់​ដំណាំ​ផងដែរ។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ថ្លែងបញ្ជាក់ក្នុងន័យដើមយ៉ាងដូច្នេះថា៖​ ដោយសារតែ​បច្ចុប្បន្ន​ជ្រូក​ដេក​ម៉ាស៊ីន​ត្រជាក់ ​ត្រូវការ​ប្រេីប្រាស់​ថាមពល​អគ្គិសនី​ ជា​មធ្យម ​១,០០០,០០០គីឡូ​វ៉ាត់​ម៉ោង ​ក្នុង​១ខែតម្លៃ​ទិញ​អគ្គិសនី ​៧៣០រៀល តម្លៃ​ដែល​ផលិតបានដោយ​ខ្លួនឯង​ជា​មធ្យម​អស់តែ ​១៨០រៀលទេ​មួយ​គីឡូ​វ៉ាត់​ម៉ោង​ រីឯ​តម្លៃ​ជី​ធម្មជាតិនៅ​លេី​ទីផ្សារ​ជា​មធ្យម​ ២៥០ដុល្លារ​មួយតោន​ តម្លៃ​ចំណាយ​ដែលខ្ញុំ​ផលិត​ដោយខ្លួន​ឯង​អស់តែ ២០​ដុល្លារ​ទេ​ក្នុង​មួយ​តោន។

​ទន្ទឹមនឹងនោះ អ្នកឧកញ៉ាបានគូសបញ្ជាក់បន្ថែមថា ​តម្លៃ​ជី​គីមី​នៅពេលនេះ​ឡេីងថ្លៃ​ទ្វេដង​ គឺពី៤០០ដុល្លារ​ រហូត​ទៅដល់ ៨២០ដុល្លារក្នុង​​មួយតោនទៅហេីយ​។

តាម​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ ប្រជាជន​កម្ពុជា​បរិភោគ​សាច់​ជា​មធ្យម ១៧,៦ គីឡូក្រាម ​ម្នាក់​ក្នុង​ ១ ​ឆ្នាំ ​ដែល​រួមមាន​សាច់គោ ៥ ​គីឡូក្រាម សាច់ជ្រូក​ ៩,២៩ ​គីឡូក្រាម មាន់​ទា​ ៣,៣ គីឡូក្រាម និង​សាច់​ផ្សេងទៀត ០,០១ គីឡូក្រាម​។

យ៉ាងណា លំហូរ​ចូល​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI)​ ការ​វិនិយោគសាធារណៈ​ និង​ការ​វិនិយោគឯកជន​នៅ​លើ​វិស័យ​កសិកម្ម​បាន​មានការ​កើនឡើង​ ដោយសារ​មានការ​ផ្ដោត​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ទៅ​លើ​ការ​អភិវឌ្ឍ​ និង​ការ​ធ្វើ​ពិពិធ​កម្មវិស័យ​កសិកម្ម​។​ ប្រទេស​កម្ពុជា​ទទួល​បាន​ជោគជ័យ​តិចតួច​ក្នុង​ការ​កែ​ច្នៃ​ផ​លិ​ផល​កសិកម្ម​ ផល​នេសាទ​ និង​បសុសត្វ​ ទៅ​ជា​ផលិតផល​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​ ដោយហេតុ​ថា​មាន​ភាព​ខ្វះខាត​ និង​ភាពយឺត​យ៉ាវ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កសិកម្ម​ទំនើបៗ​ដូច​ជា​ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម​។

​ម្យ៉ាងវិញទៀត ការ​ផ្ដល់​កម្ចី​ទៅ​ដល់​វិស័យ​កសិកម្ម​មានការ​កើនឡើង​ ដោយសារ​កំណើន​តម្រូវការ​នៃ​ផលិតផល​កសិកម្ម​នៅ​ក្នុងអំឡុងពេលកូវីដ-១៩ ទោះបីជា​មានការ​ថយ​ចុះ​នៃ​កំណើន​ឥណទាន​ក្នុងស្រុក​ជា​រួម​យ៉ាងណា​ក្ដី​។​ ក្នុង​រយៈពេល​ ០៧​ ខែ​ដំបូង​នៅ​ឆ្នាំ​២០២១​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​ក្នុង​វិស័យ​កសិកម្ម​ រួម​ទាំង​ឧស្សាហកម្ម​កែ​ច្នៃ​ផលិតផល​កសិកម្ម​ មាន​ចំនួន​ ១០០​ លាន​ដុល្លារ​ កើន​ពី​ ៣៤​ លាន​ដុល្លារ​ ក្នុង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៩​៕