ឧកញ៉ា ស៊ន សុខណា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសូណាត្រា គ្រុប បានប្រកាសបើកគម្រោងអភិវឌ្ឍបុរីនៅតំបន់ភូមិកោះក្របី ក្នុងទឹកដីខណ្ឌច្បារអំពៅ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអបអរសាទរ ហើយមើលឃើញគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់បុរីសូណាត នឹងក្លាយជាជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ ជូនដល់ពាណិជ្ជករ ធុរជន វិនិយោគិន ជនបរទេស ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរ ស្របពេលដែល ប្រទេសជាតិយើង បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ។
លោក ឃួន ស្រេង បានបន្តទៀតថា គម្រោងនេះក៏ឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ក្នុងការទាក់ទាញ ការវិនិយោគទាំងក្នុង និងក្រៅប្រទេស មកបណ្តាក់ទុន ធ្វើអាជីវកម្មនៅកម្ពុជា កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងពិធីបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនូវគម្រោងលំនៅឋានរបស់បុរីសូណាត្រា ដែលមានទីតាំងស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីម្សិលមិញនេះ លោកឧកញ៉ា ស៊ន សុខណា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសូណាត្រា គ្រុប បានលើកឡើងថា ការបើកការដា្ឋនសាងសង់និងបើកលក់ជាផ្លូវការគម្រោងលំនៅឋាននេះ ជាការបង្ហាញពីជ្រុងមួយនៃការរីកចំរើនរបស់កម្ពុជា។
លោកឧកញ៉ាបានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់អាជ្ញាធររាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់កូវីដ-១៩ រហូតបានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានធ្វើឲ្យក្រុមហ៊ុនអាចបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនៅថ្ងៃនេះ។
ក្រុមហ៊ុនសូណាត្រាគ្រុប បង្កើតឡើងដោយលោកឧកញ៉ា ស៊ន សុខណា នៅក្នុងឆ្នាំ 2010។ សូណាត្រាគ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធដែលផ្តោតលើវិស័យជាច្រើនដូចជាផ្នែកអប់រំ សំណង់ និងហិរញ្ញវត្ថុដែលមានបុគ្គលិកបម្រើការងាររាប់ពាន់នាក់៕