លេង​តែ​ TikTok មែន តែ​បងប្អូន​ត្រកូល D’Amelio រក​ចំណូល​បាន​ច្រើនជាង​ CEO ក្រុមហ៊ុន​ធំៗ​នៅ​អាមេរិក​មួយ​ចំនួន​ទៀត

អន្តរជាតិ

បច្ចុប្បន្ន​បណ្ដាញ​សង្គម TikTok កំពុង​ទទួល​បាន​ការ​ពេញនិយម​ជាខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ទូទាំង​សកលលោក មិន​ថា​ស្ថិតនៅ​ក្នុង​វ័យ​ណា​ក៏​ដោយ ដូច្នេះ​ហើយ​ TikTok គឺ​ជា​កន្លែង​ផ្សព្វផ្សាយ​ធំ​បំផុត​មួយ​លើ​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារ​តែ​វា​ជា​ទីផ្សារ​អនឡាញ​ធំ​បំផុត​បែប​នេះ​ហើយ ទើប​បុគ្គល​ល្បីៗ​ជាច្រើន​អាច​រក​ចំណូល​បាន​ក្រាស់ក្រែល​ពី​បណ្ដាញ​សង្គម​មួយ​នេះ។ ជាក់ស្ដែង​កញ្ញា Charli D’Amelio ដែល​បាន​បង្ហោះ​វីដេអូ​រាំរែក​នៅ​លើ TikTok កាលពី​ឆ្នាំ ២០១៩ រក​បាន​ ១៧,៥ លាន​ដុល្លារ​កាលពី​ឆ្នាំ​ទៅ។ នេះ​បើតាម​ការ​អះអាង​ពី Forbes ដែល​ដាក់​រហស្សនាម​ឲ្យ​នាង​ថា ជា​​តារា TikTok រក​ចំណូល​បាន​ច្រើន​បំផុត​នៅ​ឆ្នាំ ២០២១។

ចំណូល​ដ៏​លើសលុប​របស់​យុវតី​វ័យ ១៧ ឆ្នាំ​គឺ​បាន​មក​ពី​កុងត្រា​ផ្សព្វផ្សាយ​ម៉ាក​សម្លៀកបំពាក់ និង​ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ​នៅ​លើ​ TikTok និង​ភាពល្បីល្បាញ​របស់​នាង​ជាមួយ​នឹង​ចំនួន​អ្នក​ Follower ប្រមាណ ១៣៣ លាន​នាក់។

ដោយឡែក ចំណូល​ប្រចាំឆ្នាំ​របស់ Charli គឺ​មាន​ច្រើនជាង​ CEO របស់​ក្រុមហ៊ុន​ធំៗ​នៅ​អាមេរិក​មួយ​ចំនួន​ទៅ​ទៀត ដែល​ជា​មធ្យម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ធំៗ​ដែល​ជាប់​នៅ S&P 500 គឺ​ទទួល​បាន​ត្រឹម ១៣,៤ លាន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើតាម​ការ​ព្យាករណ៍​ពី Wall Street Journal។

តួ​យ៉ាង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Exxon Mobil Corp. លោក Darren Woods ទទួល​បាន ១៥,៦ លាន​ដុល្លារ ខណៈ​លោក Kevin Johnson នាយក​ប្រតិបត្តិ​ Starbucks ទទួល​បាន ១៤,៧ លាន​ដុល្លារ ស្របពេល​ CEO ហាង​បឺហ្គឺរ McDonald លោក Chris Kempczinski រក​បាន​ជិត ១១ លាន​ដុល្លារ។

ក្រឡេក​ទៅ​មើល​បងស្រី​របស់ Charli គឺ Dixie D’Amelio វិញ ថ្វី​បើ​មាន​ចំនួន​អ្នកគាំទ្រ​តិចជាង​ប្អូន​ស្រី​ពាក់កណ្ដាល តែ​នាង​គឺ​ជា​តារា TikTok មាន​ចំណូល​ច្រើន​បំផុត​ទី ២ កាលពី​ឆ្នាំទៅ ជាមួយ​ទឹកប្រាក់​ប្រមាណ ១០ លាន​ដុល្លារ​។ នេះ​បើតាម​ការ​អះអាង​ពី Forbes៕

ប្រភព: bangkokpost