ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សម្រេចបិទធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទឆ្នាំ២០២២ រយៈពេល ២ខែ នៅក្នុងដែននេសាទសុវត្ថិភាពត្រីកាម៉ុង ក្នុងគោលបំណងដើម្បីការពារធនធានជលផលសមុទ្រឲ្យបានគង់វង្ស។
តាមរយៈលិខិតមួយសន្លឹករបស់ក្រសួងសិកម្ម ចុះហត្ថលេខានៅថ្ងៃទី១០ ខែមករា ដោយលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានបញ្ជាក់ថា នៅរដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង ឬហៅថា ប្លាធូ នៅក្នុងដែននេសាទសមុទ្រនៃកម្ពុជាត្រូវផ្អាកជាកំហិតចាប់ពីខែមករានេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
នៅក្នុងអំឡុងពេលនេះ រដ្ឋបាលជលផលហាមដាច់ខាតមិនឲ្យបងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រី កាម៉ុង ដើម្បីចូលរួមចំណែកថែរក្សានិងការពារធនធានជលផលសមុទ្រឱ្យបានគង់វង្សទៅអនាគត។
បើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ផលនៃផលិតផលជលផលសមុទ្រឆ្នាំ២០២១ កម្ពុជាទទួលបានចំនួន១២,៥ម៉ឺនតោន។ ចំនួននេះ គឺបានកើន១,៨៧ភាគរយបើធៀបនឹងឆ្នាំ២០២០៕