ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីដល់គម្រោងវិនិយោគសណ្ឋាគារលំដាប់ផ្កាយ ៥ របស់ក្រុមហ៊ុន K.B.X INVESTMENT CO., LTD ដែលមានទុនវិនិយោគសរុបចំនួន ១២៩ លានដុល្លារអាមេរិក នៅចំណុចកណ្ដាលបេះដួងនៃរាជធានី។
តាមរយៈការប្រកាសព័ត៌មាននៅថ្ងៃចន្ទ ទី១៧ មករានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ នេះមាន ចំនួន៥២៨បន្ទប់ ប្រើប្រាស់ទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក រួមនឹងអាចបង្កើតការងារបានចំនួន ៧៣៧កន្លែងឲ្យប្រជាពលរដ្ឋ ស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជាមួយគ្នានេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ៩ផ្សេងទៀត ដែលវិនិយោគទៅលើវិស័យកាត់ដេរវាយនភ័ណ្ឌ រោងចក្រកែច្នៃក្តារបន្ទះ រោងចក្រផលិតការ៉ូជ័រ រោងចក្រកែច្នៃនិងវេចខ្ចប់សាច់ និង ផលិតម្ហូបអាហារ រោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា អភិវឌ្ឍន៍វារីអគ្គិសនី រួមនឹងការអភិវឌ្ឍន៍មណ្ឌល ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង។
គម្រោងវិនិយោគទាំង ១០កន្លែងដែល CDC បានចុះបញ្ជីមានទុនសរុបចំនួនប្រមាណ ៥៩៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជាង ៥ពាន់កន្លែង៕