យោងតាមសារព័ត៌មាន Nikkei business daily បាននិយាយថា ក្រុមហ៊ុន Toyota Motor Corp នឹងសម្រុកផលិតរថយន្តឱ្យបានចំនួន ៧ សែនគ្រឿងនៅទូទាំងពិភពលោក ក្នុងខែកុម្ភៈខាងមុខ ដែលជាចំនួនកើនឡើង ១០% ក្នុងឆ្នាំនេះ។
ប៉ុន្តែយ៉ាងណាក៏ដោយ នៅក្នុងខែមីនា ក្រុមហ៊ុនខាងលើ នឹងនៅតែបង្កើនចំនួនផលិតឱ្យបាន ១ លានគ្រឿងបន្ថែមទៀត ដើម្បីអាចឈានដល់គោលដៅផលិតកម្មប្រចាំឆ្នាំ ដែលមានចំនួន ៩ លានគ្រឿងរបស់ខ្លួន ។
ជាក់ស្តែង អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota បានធ្វើការបដិសេធមិនព្រមធ្វើការអធិប្បាយនោះទេ នៅពេលត្រូវបាន សារព័ត៌មាន Nikkei សាកសួរថា តើក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុនមួយនេះ គ្រោងនឹងធ្វើតាមគោលដៅផលិតកម្មប្រចាំឆ្នាំ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី ៣១ ខែមីនាឬយ៉ាងណា ។
គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បាននឹងកំពុងព្យាយាមបង្កើនផលិតកម្មរបស់ខ្លួន នៅក្នុងខែចុងក្រោយនៃឆ្នាំអាជីវកម្ម ដើម្បីបង្កើតទិន្នផលដែលបានធ្លាក់ចុះ ដោយសារតែកង្វះខាតគ្រឿងបង្គុំ ពីរោងចក្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរងគ្រោះដោយការរឹតបន្តឹង លើការបិទខ្ទប់ ដោយសារជំងឺត្បាតកូវីដ ១៩។
បន្ថែមពីនេះ ក្រុមហ៊ុន Toyota និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ត្រូវបានបង្ខំឱ្យផ្អាកដំណើរការផលិតកម្មរបស់ពួកគេ បើទោះបីជាតម្រូវការ នៅក្នុងទីផ្សារសំខាន់ៗដូចជាប្រទេសចិន បានស្ទុះងើបឡើងវិញក៏ដោយ ៕
ប្រភព: Kelo News