គិតមកដល់ត្រឹមឆ្នាំ២០២២នេះ សណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ មានអាយុកាល ២២ឆ្នាំហើយ ដែលជាសណ្ឋាគារមានភាពទំនើបខ្ពស់ មានបុគ្គលិកឆ្នើម និងអាហារឈ្ងុយឆ្ងាញ់ ក្រោមការបណ្តាក់ទុនពីវិនិយោគិនជនជាតិថៃ លោក សុភូឆៃ វេរ៉ូភុឈុង។
ស្ថិតនៅតាមដងទន្លេ អមជាមួយនឹងសួនច្បារដ៏ស្រស់បំព្រង សណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា មានកន្លែងរៀបចំសាលសន្និសីទ សាលប្រជុំ សាលតាំងពិពណ៌ កន្លែងរៀបចំអាពាហ៍ពិពាហ៍ដ៏សក្តិសមបំផុតសម្រាប់លំដាប់អភិជន ជាមួយអគាររចនាម៉ូតបែបបារាំង និង ការតុបតែងយ៉ាងល្អប្រណិត សុវត្ថិភាពខ្ពស់។
សណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ត្រូវបានទស្សនាវដ្ដីទេសចរណ៍លំដាប់ខ្ពស់ Conde Nast Traveller ផ្ដល់ចំណាត់ថ្នាក់ឆ្នើមលេខ២ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ សណ្ឋាគារ លំដាប់ផ្កាយ៥ដែលមានតម្លៃបន្ទប់ចាប់ពី២០០ដុល្លារឡើងទៅនេះ ក៏ត្រូវបានគេបោះឆ្នោតឲ្យបានចំណាត់ថ្នាក់លេខ៣៥ ក្នុងចំណោមសណ្ឋាគារល្អបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០១៣ផងដែរ។
សណ្ឋាគារ សូហ្វីតែល ក៏ត្រូវបានទស្សនាវដ្ដីទេសចរណ៍ដដែលនេះកោតសរសើរថា ជាសណ្ឋាគារឆ្នើម និងមានសេវាកម្មប្រកបដោយវិជ្ជាជីវៈបំផុត។
លើសពីនេះ សណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា Golf & Spa Resort នៅសៀមរាប ក៏ត្រូវបានទទួលស្គាល់ថា ជាជម្រើសសណ្ឋាគារមួយដ៏ល្អសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ពី Forbes Travel Guide ប្រចាំឆ្នាំ ២០២០។ Forbes Travel Guide គឺជាស្ថាប័នវាយតម្លៃដ៏ល្បីល្បាញលំដាប់ពិភពលោកតែមួយគត់សម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងស្ប៉ា។
សណ្ឋាគារលំដាប់ផ្កាយ ៥ មួយនេះ ត្រូវបានកាន់កាប់ភាគហ៊ុនដោយក្រុមហ៊ុនថៃ សម្ព័ន្ធកាន់តាណា ហើយក៏ក្រោបដណ្តប់ទៅលើក្រុមហ៊ុន មីកាមីឌៀ ដែលមានកម្មសិទ្ធិ ៥០ ភាគរយ លើស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដោយមានកិច្ចសហការវិនិយោគ ជាមួយក្រសួងការពារជាតិនៃប្រទេសកម្ពុជា។
ក្រុមហ៊ុន មីកាមីឌៀ ត្រូវបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយសម្ព័ន្ធកាន់តាណា ដែលជាក្រុមហ៊ុនផលិតកម្មក្នុងប្រព័ន្ធផ្សព្វផ្សាយដ៏ធំ និងចំណាស់ជាងគេមួយនៅក្នុងប្រទេសថៃ។ ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនទោលឯកជន ដោយមានអគ្គនាយកឈ្មោះ សុភូឆៃ វេរ៉ូភុឈុង៕