កម្ពុជា ដាក់ក្តីរំពឹងខ្ពស់ជាមួយវៀតណាម ក្នុងការបន្តកើនទំហំពាណិជ្ជកម្មឲ្យលើស១០ពាន់ដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា មានជំនឿថា ទំហំពាណិជ្ជកម្មជាប្រទេសវៀតណាម នឹងបន្តកើនឡើងបន្ថែមទៀត លើសពី ១០ពាន់លានទៅទៀត។ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ត្រូវតែខិតខំបន្តជំរុញ លើការវិនិយោគពាណិជ្ជកម្មទេសចរណ៍ ដើម្បីឲ្យសេដ្ឋកិច្ចមានការតភ្ជាប់គ្នា។ នេះបើតាមជំនួបពិភាក្សាការងាររវាងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនឹងលោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសវៀតណាម ធ្វើឡើងនៅវិមានសន្តិភាព នាថ្ងៃទីព្រហសត្បិ៍ ទី២០ ខែមករា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 2 people and people standing

ក្នុងជំនួបនាពេលនេះ សម្ដេច ហ៊ុន សែន បានលើកឡើងពីគម្រោងនៃការតភ្ជាប់ផ្លូវដែកកម្ពុជា និងវៀតណាមដោយសម្ដេចចង់ឃើញជំរុញការតភ្ជាប់ផ្លូវដែកនេះ ដែលនឹងអាចជួយសម្រួលដល់ការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោក ប៊ូយ ថាញ់សឺន បានថ្លែងថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅមានទំនាក់ទងល្អប្រសើរជាពិសេសតាមរយៈការទស្សនកិច្ចនៃការដឹកនាំកំពូលនៃប្រទេសទាំងពីរនាពេលកន្លងមក ដែលបានធ្វើឲ្យចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមកាន់តែមានភាពល្អប្រសើរឡើង។ លោកបន្ថែមថា ឆ្នាំនេះជាខួបលើកទី៥៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

បើតាមរដ្ឋមន្រ្តីការបរទេសវៀតណាម បច្ចុប្បន្ន កំណើនពាណិជ្ជកម្មកម្ពុជា វៀតណាម មានកើនឡើងយ៉ាងខ្ពស់រហូតដល់ជិត ១០ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបទៅឆ្នាំមុន។ ដូច្នេះលោកបង្ហាញក្តីសង្ឃឹមថា វៀតណាម-កម្ពុជា នឹងបន្តពង្រឹងនៃការតភ្ជាប់សេដ្ឋកិច្ច និងបន្តធ្វើការជាមួយគ្នា ធ្វើយ៉ាងណាឱ្យឆ្នាំនេះ កំណើនសេដ្ឋកិច្ចមានការឡើងជាបន្តទៀត ជាពិសេសការជំរុញកិច្ចសហការលើគ្រប់វិស័យ ដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យផ្សេងផ្សេងទៀត។

ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម ទទួលបាន ៧ ៨៧០លានដុល្លារអាមេរិក កើនឡើង ៨៧,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២០ អត្រាពាណិជ្ជកម្មទ្វេភាគីទទួលបានជាង​ ៥ ៣០០លានដុល្លារអាមេរិក ក្នុងនោះទំនិញរបស់វៀតណាមនាំចេញមកកម្ពុជាមានជាង ៤ ១០០លានដុល្លារ និងទំនិញកម្ពុជានាំចូលទៅវៀតណាមជិត ១ ២០០លានដុល្លារអាមេរិក។​

នៅឆ្នាំ ២០២១ ទំនិញកម្ពុជា នាំចេញទៅវៀតណាមទទួលបាន ៣ ៩៤០លានដុល្លារអាមេរិក កើនឡើង ៣៩៦% និងទំនិញវៀតណាមនាំចូលមកកម្ពុជា ៣ ៩៣០លានដុល្លារអាមេរិក កើនឡើង ១៧,១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

លើសពីនេះ លោក ប៊ូយ ថាញ់សឺន វាយតម្លៃខ្ពស់ចំពោះការប្រែប្រួលក៏ដូចជាការអភិវឌ្ឍក្នុងរយៈពេលខ្លី និងការរីកចម្រើននៅប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានការរីកចម្រើនស្ទើរលើគ្រប់វិស័យ។ លោកមើលឃើញថា បច្ចុប្បន្នកម្ពុជានៅតែបន្តរីកលូតលាស់ទៅមុខ ជាពិសេសការពង្រឹងតួនាទីរបស់ខ្លួន និងកិត្តិនាមរបស់កម្ពុជានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិផងដែរ៕