ធនាគារអ្នកឧកញ៉ា គិត ម៉េង បោះទុនវិនិយោគ ២លានដុល្លារបន្ថែមលើគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង តាមរយៈធនាគារ វីង ខេមបូឌា បានសម្រេចទិញមូលបត្របំណុលមានតម្លៃ ២លានដុល្លារអាមេរិក ពីក្រុមហ៊ុន Cambodia Airport Investment Co., Ltd ហៅកាត់ថា CAIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាអ្នកអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ តាខ្មៅ។ ការទិញសញ្ញាបណ្ណមានបុគ្គលធានានៅពេលនេះ គឺដើម្បីចូលរួមគាំទ្រដល់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខា ធ្វើឡើងនៅថ្ងៃទី២០ ខែមករានេះ ដែលដំណាងដោយឧកញ៉ា ឆារស៍ វ៉ាន់ ជាអគ្គនាយករងក្រុមហ៊ុន Cambodia Airport Investment Co., Ltd និងលោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង ក្រោមវត្តមានអ្នកឧកញ៉ា ពុង ឃាវសែ និងអ្នកឧកញ៉ា គិត ម៉េង។

បើតាមក្រុមហ៊ុន CAIC បានឲ្យដឹងថា បច្ចុប្បន្នគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចបាន ៣០% ដែលប្រើប្រាស់ទឹកប្រាក់សរុប ៣៩០លានដុល្លារអាមេរិក។ CAIC បានបញ្ជាក់ថា ការទិញសញ្ញាបណ្ណនេះ មានអត្រាការប្រាក់ Coupon rate គឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។

គួររំឭកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន កាលពីដើមខែធ្នូ ឆ្នាំ២០២១កន្លងទៅ បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ទាំងក្នុង និងក្រៅប្រទេស ឲ្យជួយទិញសញ្ញាបណ្ណរបស់ក្រុមហ៊ុនCambodia Airport Investment Co., Ltd ដែលសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ។

សម្តេច ហ៊ុន សែន បញ្ជាក់បន្ថែមថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស ហើយការគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ។

ជាការកត់សម្គាល់ក្រោយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសភ្លាមៗ មានធនាគារក្នុងស្រុក និងធនាគារបរទេសបាននាំគ្នាមកទិញសញ្ញាបណ្ណ ដើម្បីជួយសម្រួលដល់ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីឲ្យសម្រេចតាមផែនការគ្រោងទុក។

អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ សាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ។ អាកាសយានដ្ឋាននេះជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិនផងដែរ៕