សភាឥណ្ឌូនេស៊ី សម្រេចអនុម័តឱ្យផ្លាស់ប្តូររដ្ឋធានីពីហ្សាកាតា ទៅកាន់កោះ Borneo វិញ

អន្តរជាតិ

កាលពីថ្ងៃអង្គារ សភាជាតិរបស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើការអនុម័តច្បាប់ ដើម្បីផ្លាស់ប្តូរដ្ឋធានី ពីហ្សាកាតា ទៅកាន់តំបន់ព្រៃជ្រៅ Kalimantan នៅលើកោះ Borneo ជំនួសវិញ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង បំណងនៃការផ្លាស់ប្តូររដ្ឋធានីនេះត្រូវបានធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំមរបស់ប្រទេសឥណ្ឌូនេស៊ី បានពិចារណាអំពីចំណាត់ការនេះ អស់រយ:ពេលជាច្រើនឆ្នាំមកហើយ ។

មិនតែប៉ុណ្ណោះ ដោយស្ថិតនៅក្រោមច្បាប់ថ្មី ដែលផ្តល់តាមសំណើរបស់ប្រធានាធិបតី លោក Joko Widodo នឹងត្រូវចំណាយរហូតដល់ ៣២ ពាន់លានដុល្លារ នៅក្នុងគម្រោងនេះ សម្រាប់ការអភិវឌ្ឍន៍រដ្ឋធានីថ្មី រួមទាំងការរៀបចំហិរញ្ញវត្ថុ និងអភិបាលកិច្ចផងដែរ ។

គួរឱ្យដឹងផងដែរថា ការផ្លាស់ប្តូររដ្ឋធានីថ្មីនេះ នឹងចាប់ផ្តើមពីចន្លោះឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ជាមួយផ្លូវ និងកំពង់ផែ ត្រូវបានសាងសង់ទុកជាមុន ហើយក្រសួងហិរញ្ញវត្ថុ បាននិយាយទៀតថា គម្រោងមួយចំនួន នឹងត្រូវដំណើរការជាភាពជាដៃគូសាធារណ: និង ឯកជន ។

ហ្សាកាតា ជាទីក្រុងដែលមានប្រជាជនប្រមាណ ១០លាននាក់កំពុងរស់នៅ ហើយវាបានទទួលបានផលប៉ះពាល់ជាច្រើន ដូចជាការរស់នៅដោយចង្អៀតណែន គ្រោះទឹកជំនន់ និងការបំពុលខ្យល់ជាដើម ស្របពេលអតីត​ប្រធានាធិបតី​ជាច្រើននាក់ ក៏ធ្លាប់​បាន​ពិចារណា​ផ្លាស់​ប្តូរ​រដ្ឋធានីផងដែរ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ គ្មាន​នរណា​ម្នាក់​បាន​អភិវឌ្ឍចំពោះ​គំនិត​នេះ​ឡើយ ។

ដោយឡែកសម្រាប់អាណត្តិលោក Widodo វិញ គាត់បានធ្វើការប្រកាសពីផែនការរបស់ខ្លួនជាលើកដំបូង នៅក្នុងឆ្នាំ ២០១៩ ខណ:ផែនការនេះ ត្រូវបានពន្យាពេលដោយសារតែជំងឺរាតត្បាតកូវីដ ១៩ ។ ហើយចំពោះរដ្ឋធានីថ្មី ដែលត្រូវបានអនុម័តនៅលើកោះ Borneo នេះ នឹងត្រូវដាក់ឈ្មោះថា Nusantara ។

សូមបញ្ជាក់ផងដែរថា នៅមិនមានការបរិច្ឆេទច្បាស់លាស់ សម្រាប់ការបញ្ចប់គម្រោងនេះទេ ហើយហ្សាកាតា នឹងនៅតែជារដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ីដដែល រហូតដល់ពេលមានបញ្ជាពីប្រធានាធិបតី ដើម្បីធ្វើការផ្លាសប្តូរជាផ្លូវការតែប៉ុណ្ណោះ ៕

ប្រភព: Voanews