Nippon Steel របស់ជប៉ុន នឹងទិញយកក្រុមហ៊ុនផលិតដែករបស់ថៃចំនួន ២ ក្នុងតម្លៃជិត ៨០០ លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន Nippon Steel របស់ប្រទេសជប៉ុន បាននិយាយថា ខ្លួននឹងទិញយកក្រុមហ៊ុនផលិតដែកដោយប្រើឡអគ្គិសនីចំនួន ២ នៅក្នុងប្រទេសថៃ នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃរហូតដល់ទៅ ៧៦៣ លានដុល្លារ ខណ:ក្រុមហ៊ុននេះចង់ព្យាយាមកាត់បន្ថយការពឹងផ្នែកទៅលើឡ ដែលប្រើប្រាស់ធ្យូងថ្ម របស់ខ្លួន ដើម្បីចៀសវាងពីការបញ្ចេញឧស្ម័នពុលកាបូនឌីអុកស៊ីតច្រើនពេក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងកិច្ចព្រមព្រៀង ដែលបានប្រកាសកាលពីថ្ងៃសុក្រ ដោយក្រុមហ៊ុនផលិតដែកខ្នាតយក្សរបស់ប្រទេសជប៉ុនមួយនេះ គឺមានគោលបំណងធំ ដើម្បីធានាបាននូវមូលដ្ឋានផលិតដែកនៅក្នុងទីផ្សារ ដែលកំពុងតែមានភាពរីកចម្រើនខ្លាំង ហើយរួមទាំងចង់ពង្រីកអាជីវកម្ម នៅខាងក្រៅប្រទេស ដើម្បីទូទាត់ទៅលើតម្រូវការ ដែលបានធ្លាក់ចុះ នៅទីផ្សារក្នុងស្រុកទៀតផង ។

មិនតែប៉ុណ្ណោះ លោក Takahiro Mori អនុប្រធានប្រតិបតិ្តក្រុមហ៊ុន Nippon Steel បានប្រាប់សន្និសីទសារព័ត៌មានមួយថា ” គោលបំណងសំខាន់របស់យើង គឺចង់ក្លាយជាក្រុមហ៊ុនក្នុងស្រុក ដែលអាចរួមបញ្ចូលគ្នា នៃក្រុមហ៊ុន ២ នៅក្នុងប្រទេសថៃ និងចាប់យកតម្រូវការកើនឡើង សម្រាប់ប្រភេទដែកសន្លឹក ” ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Nippon Steel នឹងត្រូវចំណាយប្រាក់ចំនួន ៤១៩ លានដុល្លារ ដើម្បីទិញយកភាគហ៊ុនចំនួន ៤៩,៩% នៅក្នុងក្រុមហ៊ុនផលិតដែកថៃ G Steel PCL និងភាគហ៊ុនចំនួន ៤០,៤៥% នៅក្នុងក្រុមហ៊ុន G J Steel PCL រួមទាំងការបង់ទៅលើបំណុលមូលនិធិ សម្រាប់ក្រុមហ៊ុន Ares SSG ផងដែរ ។

បន្ថែមពីនេះ ក្រុមហ៊ុនផលិតដែកធំបំផុតទី ៥ របស់ពិភពលោកមួយនេះ ក៏ធ្លាប់បាននិយាយកាលពីខែមីនាថា ខ្លួនអាចនឹងទិញយករោងចក្រផលិតដែក នៅក្នុងប្រទេសចិន និងបណ្តាប្រទេសតំបន់អាស៊ានផ្សេងទៀត ​ដើម្បីបង្កើនសមត្ថភាពផលិតដែកសន្លឹក ក្នុងការផ្គត់ផ្គង់ទៅកាន់ពិភពលោក ឱ្យបានប្រមាណ ១០០ លានតោន ៕

ប្រភព: CNA