ស្រុកខ្សាច់កណ្ដាល ជាប់ជាស្រុកទទួលបាននូវការយល់ដឹងពីសុខភាព អនាម័យខ្ពស់ និងបានបញ្ឈប់ការបន្ទារបង់ពាសវាលពាសកាល ODF 100% ដែលស្ថិតក្នុងចំណោមក្រុង-ស្រុកទាំង១១ របស់ខេត្តកណ្តាល ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងអភិវឌ្ឍនិ៍ជនបទ។ នេះបើតាមការលើកឡើងរបស់លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល ក្នុងការចុះពិនិត្យមើលផ្ទាល់ រួមនឹងការវាយតម្លៃ ស្ដីពីការបញ្ឈប់ ការបន្ទោរបង់ពាសវាលពាសកាល ODF ថ្នាក់ស្រុក ក្នុងស្រុកខ្សាច់កណ្ដាល នាថ្ងៃសុក្រ ទី២១ ខែមករាម្សិលមិញ។
លោក នុត ពុធតារា បានឲ្យដឹងថា ការទទួលបាន ODF ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងអភិវឌ្ឍនិ៍ជនបទ ដោយសារប្រជាពលរដ្ឋ ក្នុងស្រុកខ្សាច់កណ្ដាល មានការយល់ដឹងពីសុខភាព អនាម័យខ្ពស់ និងបានបញ្ឈប់ការបន្ទារបង់ពាសវាលពាសកាល ឬតាមទីសាធារណៈផ្សែងៗ ងាកមកការប្រើប្រាស់បង្គន់អនាម័យវិញបាន ១០០%។ លោកបន្តថា លើសពីនះក៏គ្មានការបន្ទោរបង់ពាសវាលពាសកាល គ្រប់ក្រុមគ្រួសារទាំងអស់ ដោយបានទុកដាក់លាមកកុមារទៅក្នុងបង្គន់អនាម័យខ្លួនឯង ឫបង្គន់អនាម័យរួម ហើយសហគមន៍របស់ស្រុកបានផ្ដួចផ្ដើម និងពង្រឹងការអនុវត្តសកម្មភាពទាំងផ្លូវការឫមិនផ្លូវការក្នុងការទប់ស្កាត់ ទៅនឹងការបន្ទោបង់ពាសវាលពាសកាលផងដែរ ។
ជាមួយគ្នានេះ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានបញ្ជាក់ថា ការទទួលបាននូវ ការបញ្ឈប់ ការបន្ទារបង់ពាសវាលពាសកាល ODF ១០០% របស់ស្រុកខ្សាច់កណ្តាល គឺមានចំនួន ៩៣ ភូមិ ស្មើនឹង ៣០,២៤១ ខ្នងផ្ទះដែលបានប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន២៩,៥៤២ នឹងបានប្រើប្រាស់រួមគ្នាចំនួន៦១១ សរុប ៣០,១៥៣។
ទោះបីទទួលបាន ODF 100% នៅពេលនេះក៏ដោយ លោក នុត ពុធតារា ក៏បានណែនាំដល់អាជ្ញាធរ និងមន្រី្តរដ្ឋបាល ទាំងរដ្ឋបាលភូមិ-ឃុំ ត្រូវតែបន្តសកម្មភាពបំផុស និងពិនិត្យមើលបន្ថែមទៀត លើបញ្ហាប្រជាពលរដ្ឋដែលរស់នៅតាមផ្ទះលើទឹក និងប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពសាងសង់បង្គន់អនាម័យ ត្រូវរកដៃគូ ឬរកជំនួយពីអង្គការនានា ដើម្បីចូលរួមសហការណ៍កសាងបង្គន់ជូនពួកគាត់ ដើម្បីកាត់បន្ថយការបន្ទារបង់ពាសវាលពាសកាលបានកាន់តែល្អប្រសើរបន្ថែមទៀត៕