ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៧២ម៉ឺនដុល្លារ ដើម្បីចូលរួមកែលម្អគុណភាពជីវិត តាមបណ្តាខេត្តនានានៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ជប៉ុនផ្តល់ថវិកាចំនួន ៧២៨,៥០១ ដុល្លារអាមេរិក សម្រាប់ការពង្រឹងប្រព័ន្ធវេជ្ជសាស្រ្ដ ការពង្រឹងបណ្តាញគាំទ្រសម្រាប់កុមារ និងការកែលម្អបរិស្ថានសិក្សា ដើម្បីចូលរួមចំណែកក្នុងការកែលម្អគុណភាពជីវិតនៅក្នុងបណ្តាខេត្តនានានៅប្រទេសកម្ពុជា។ គម្រោងនេះត្រូវបានលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង តំណាងមកពីអង្គការចំនួនបីដែលអនុវត្តគម្រោងនេះ ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។

ថវិកាសរុប ៧២៨,៥០១ ដុល្លារអាមេរិកជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណង គឺសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាល។ ក្នុងនោះ ថវិកា ១២៥,០១២ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្ត “គម្រោងសម្រាប់សល្យសាស្រ្តកុមារ ប្រចាំខេត្តក្រចេះ នៃឆ្នាំទី៣” ថវិកា ២០០,៩០៦ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការមូលនិធិជប៉ុន (PHJ) ដើម្បីអនុវត្ត “គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារក្នុងខេត្តកំពង់ចាម នៃឆ្នាំទី ៣” និងថវិកាចំនួន ៤០២,៥៨៣ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការសន្តិស្ម័គ្រចិត្ត (SVA) ដើម្បីអនុវត្ត “គម្រោងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានសិក្សាតាមរយៈការសាងសង់អគារសិក្សានៅសាលាបឋមសិក្សាក្នុងខេត្តបាត់ដំបង“។

ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុន ក៏បានផ្តល់គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំមួយចំនួន ដូចជា គម្រោងកំពង់ផែក្រុងព្រះសីហនុ គម្រោងផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទានចំនួន២០ពាន់លានយេន សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ស្ថានទូតជប៉ុន បានបញ្ជាក់ថា យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព