រថយន្តប្រណីតត្រកូល Lexus LX600 ឆ្នាំ ២០២២ ទើបនឹងប្រកាសចេញជាផ្លូវការកាលពីជាង ៣ ខែមុន បានធ្វើឲ្យអ្នកស្រឡាញ់រថយន្តប្រភេទ SUV និងជា Fan របស់ត្រកូល Lexus ពេញចិត្តជាខ្លាំង ជាមួយនឹងរចនាបថដ៏ស្រស់ស្អាត និងមានអំណាច។
ថ្វីបើប្រកាសចេញជាផ្លូវការបាន ៣ ខែក៏ពិតមែន តែការប្រកាសលក់ជាផ្លូវការនៅមិនទាន់មានភាពទូលំទូលាយនៅឡើយសម្រាប់បណ្ដាប្រទេសមួយចំនួន ហើយសម្រាប់ប្រទេសកម្ពុជាក៏ដូចគ្នាផងដែរ។
យ៉ាងណា វាលែងជាបញ្ហាទៀតហើយ ព្រោះកាលពីពេលថ្មីៗនេះ Asia Auto ដែលជាហាងលក់រថយន្តមួយនៅកម្ពុជា បានបង្ហោះសារថា ចាប់ផ្ដើមទទួលកក់រថយន្ត Lexus LX600 ហើយ ប៉ុន្តែមិនបានបញ្ជាក់ពីតម្លៃច្បាស់លាស់នោះឡើយ ដោយគ្រាន់តែបញ្ជាក់ថា ឡានដែលទទួលកក់ជាប្រភេទម៉ាស៊ីន 3,5 លីត្រ V6។
យ៉ាងណាមិញ បើតាមការបញ្ជាក់ពីអ្នកចាត់ការទូទៅនៅ ហាងលក់រថយន្តទំនើប Kimsrun Premium Auto ដែលមានទីតាំងនៅជាប់សណ្ឋាគារភ្នំពេញ តាមបណ្ដោយវិថី ព្រះមុន្នីវង្ស ធ្លាប់បង្ហើបប្រាប់ Oknha News ឱ្យដឹងថា តម្លៃរថយន្ត Lexus LX600 ស៊េរីឆ្នាំ២០២២ នេះ អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅស្រុកខ្មែរអំឡុងចុងខែ មីនា ឬដើមខែ មេសា ខាងមុខនេះ។ ចំពោះតម្លៃវិញ បើយោងតាមតារាងបង់ពន្ធគយនាំចូល ផ្អែកលើស៊េរីឆ្នាំ និងទំហំស៊ីឡាំង តម្លៃកំពូលរថយន្ត SUV ដ៏ល្បីប្រចាំឆ្នាំ២០២២នេះ អាចនឹងថ្លៃលើស ៣០ ម៉ឺនដុល្លារអាមេរិក។
សូមបញ្ជាក់ផងដែរថា សម្រាប់ Lexus LX600 ឆ្នាំ ២០២២ សារនេះគឺមាន ៥ ប្រភេទផ្សេងគ្នា និងបានទម្លាក់នូវតម្លៃចេញពីរោងចក្រផ្ទាល់ផងដែរ ដែលក្នុងនោះមានដូចជា៖
- ប្រភេទធម្មតា 2022 LX600 ដើរដោយកម្លាំងម៉ាស៊ីន 409 HP TWIN TURBO V6 តម្លៃ ៨៦ ៩០០ ដុល្លារ
- ប្រភេទ 2022 LX600 Premium តម្លៃ ៩៥ ០០០ ដុល្លារ
- ប្រភេទ 2022 LX600 F Sport Handling ដែលមានតួខាងមុខ និងខាងក្រោយប្លែកពីគេ តម្លៃ ១០១ ០០០ ដុល្លារ
- ប្រភេទ 2022 LX600 Luxury តម្លៃ ១០៣ ០០០ ដុល្លារ
- ប្រភេទ 2022 LX600 Ultra Luxury តម្លៃ ១២៦ ០០០ ដុល្លារ៕