ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពី​រដ្ឋាភិបាលចិន មហាសេដ្ឋី​ហុងកុង​ម្នាក់​ខាត​បង់​ទ្រព្យសម្បត្តិ​សរុប​ជាង​ពាក់​កណ្ដាល

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Huabao International Holdings Ltd. បាន​ដាំក្បាលចុះ​ដល់​ទៅ ៦៧% នៅ​លើ​ទីផ្សារ​ភាគហ៊ុន​ហុងកុង បន្ទាប់​ពី​បែកធ្លាយ​ព័ត៌មាន​ថា ក្រុម​អ្នកសង្កេតការ​របស់​រដ្ឋាភិបាល​ចិន​កំពុង​តាម​ឃ្លាំមើល និង​ស៊ើបអង្កេត​លើ​ប្រធាន​ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Chu Lam Yiu ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ធំ​ខាងលើ គឺ​ត្រូវបាន​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ល្មើសច្បាប់​មួយ​ចំនួន​របស់​រដ្ឋាភិបាលចិន ខណៈ​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​បទល្មើស​គឺ​មិន​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​ឡើយ ដោយ​គ្រាន់តែ​អនុញ្ញាត​ឲ្យ​ដំណើរការ​អាជីវកម្ម​ធម្មតា ស្របពេល​ស៊ើបអង្កេត​ប៉ុណ្ណោះ។

បញ្ជាក់​ដែរ​ថា អ្នកស្រី Chu ដែល​ដើរតួ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផង​នោះ គឺ​កាន់កាប់​ចំណែក​ភាគហ៊ុន​ក្រុមហ៊ុន​ទាំងមូល​ដល់ទៅ ៧១% ខណៈ​ផលិតផល​ចំបង​ដែល​ក្រុមហ៊ុន​ផ្គត់ផ្គង់​គឺ​ជា​ ប្រភេទ​ថ្នាំជក់ អាហារ និង​ផលិតផល​ថែរក្សា​សម្រស់​ផ្សេងៗ។

ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ហុងកុង​នា​ពេលបច្ចុប្បន្ន​គឺ ២,៦ ពាន់​លាន​ដុល្លារ ដែល​ជា​ការ​ធ្លាក់ចុះ​ពី ៥,៥ ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃសុក្រ។ នេះ​បើ​យោង​តាម​របាយការណ៍​ចុះផ្សាយ​ដោយ Bloomberg Billionaires Index៕

ប្រភព: moneyweb