ប្រទេសថៃ មានសុទិដ្ឋិនិយមថាវិស័យស្បៀងអាហាររបស់ខ្លួន នឹងនៅតែមានភាពប្រសើឡើងខ្លាំង ដោយសារតែមានការព្យាករថា ការនាំចេញនឹងអាចកើនឡើង ៨,៤% នៅឆ្នាំនេះ ដែលវាត្រូវបានជំរុញដោយតម្រូវការពិភពលោកកាន់តែខ្ពស់ និងការកើនឡើងនៃតម្លៃទំនិញ ថាមពល និងភស្តុភារជាដើម ។
ជាក់ស្តែង យោងតាមលោក Anong Paijitprapaporn នាយកវិទ្យាស្ថានអាហារជាតិ បានលើកឡើងថា ការនាំចេញស្បៀងអាហារ ត្រូវបានរំពឹងថានឹងទទួលបានការកើនឡើងដល់តម្លៃ ១,២ ទ្រីលានបាត ឬ ជាង ៣៦ ពាន់លានដុល្លារ នៅឆ្នាំនេះ ហើយចំនួននេះ ទំនងជាកំណត់ត្រាថ្មីមួយ សម្រាប់ការនាំចេញអាហាររបស់ប្រទេសថៃផងដែរ ។
យ៉ាងណា ការព្យាករនេះត្រូវបានធ្វើឡើង តាមរយ:ការសន្មត់ ទៅលើតម្លៃប្រាក់បាតជាមធ្យម ៣៣,៥០ បាត់ក្នុងមួយដុល្លារអាមេរិក រួមជាមួយនឹងកំណើនសេដ្ឋកិច្ចពិភពលោក ៤% , ក៏ដូចជាតម្លៃប្រេងឆៅ ១០០ ដុល្លារ ក្នុងមួយបារ៉ែល និងតម្លៃស្បៀងអាហារពិភពលោក ដែលបានកើនឡើង ៣,៥% ទៀតផង ។
បន្ថែមពីនេះ សភាពាណិជ្ជកម្មថៃ , វិទ្យាស្ថានអាហារជាតិ និងសហពន្ធឧស្សាហកម្មថៃ (FTI) បានចេញសេចក្តីប្រកាសរួមគ្នាមួយកាលពីម្សិលមិញ ដែលលើកឡើងថា ការនាំចេញអាហារបានកើនឡើងដល់ ១១,៨% កាលពីឆ្នាំមុន ដល់តម្លៃប្រមាណ ១,១០៧ ទ្រីលានបាត ឬ ៣៤,៨៩ ពាន់លានដុល្លារ ហើយជាចំនួនដែលបានកើនឡើង ១១,៥% កាលពីឆ្នាំមុនមួយទៀត ។
គួរឱ្យដឹងផងដែរថា ថៃនៅតែប្រទេស ដែលបាននាំចេញស្បៀងអាហារធំជាងគេទី ១៣ របស់ពិភពលោក ដែលចំណាត់ថ្នាក់នេះមិនបានប្រែប្រួលពីឆ្នាំមុនៗនោះឡើយ ៕
ប្រភព: Bangkok Post