វាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីសេដ្ឋកិច្ចរបស់ខេត្តក្វាងទុង ដែលស្ថិតនៅភាគខាងត្បូងរបស់ប្រទេសចិន បានវ៉ាច់ដាច់ប្រទេសកូរ៉េខាងត្បូងទាំងមូល ដែលមានទំហំផលិតផលក្នុងស្រុកសរុប (GDP) ធំជាង ជាលើកដំបូង ក្នុងឆ្នាំ ២០២១ ហើយខេត្តនេះ ក៏បានជាប់ចំណាត់ថ្នាក់លេខ ១០ ក្នុងចំណោមប្រទេសធំៗ នៅលើពិភពលោកទៀតផង ។ យ៉ាងណានេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post កាលពីម្សិលមិញ ។
គួរឱ្យដឹងផងដែរថា កាលពី ២០២១ GDP របស់ខេត្តខ្វាងទុង (Guangdong) បានកត់ត្រាអំពីកំណើន GDP របស់ខ្លួនដល់ទៅ ៨% បើធៀបនឹងឆ្នាំមុនៗ ដែលឈានដល់តម្លៃប្រមាណ ១២,៤ ទ្រីលានយន់ ឬ ១,៩៥ ទ្រីលានដុល្លារ ដោយផ្អែកទៅលើអត្រាប្តូរប្រាក់ប្រចាំឆ្នាំ ជាមធ្យម ។
ជាក់ស្តែងចំនួននេះមានន័យថា GDP របស់ខេត្តខ្វាងទុង គឺមានទំហំធំជាង បើប្រៀបជាមួយ GDP របស់ប្រទេសកូរ៉េខាងត្បូង ដែលមានចំនួនប្រមាណ ១,៨២ ទ្រីលានដុល្លារ និងទាបជាង GDP របស់ប្រទេសកាណាដាបន្តិច ដែលមានចំនួនប្រមាណ ២ ទ្រីលានដុល្លារ ។ យ៉ាងនេះបើផ្នែកទៅលើទិន្នន័យបានពីមូលនិធិរូបិយវត្ថុអន្តរជាតិ ។
យ៉ាងណា ចំនួននេះគឺបានកើតឡើងបន្ទាប់ពីប្រទេសចិន បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានទទួលកំណើនសេដ្ឋកិច្ច ៨,១% នៅក្នុងឆ្នាំ ២០២១ ដែលខ្ពស់ជាងគោលដៅរបស់រដ្ឋាភិបាលរហូតដល់ទៅ ៦% ។
សូមបញ្ជាក់ផងដែរថា ក្វាងទុង គឺជាខេត្តដែលមាន GDP ខ្ពស់ជាងគេបំផុត នៅក្នុងចំណោមខេត្តផ្សេងទៀតរបស់ប្រទេសចិនទាំងមូល ហើយខេត្តនេះអាចទាយយកអត្ថប្រយោជន៍ជាច្រើន ពីទីតាំងភូមិសាស្រ្តអំណោយផលរបស់ខ្លួន ជាមួយនឹងទីតាំង ដែលស្ថិតនៅជិតទីក្រុងហុងកុង ដើម្បីប្រែក្លាយខ្លួនទៅជាតំបន់ឈានមុខគេ សម្រាប់ការកែច្នៃបច្ចេកវិទ្យា នៅក្នុងប្រទេសចិន ហើយខេត្តនេះ បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មសកលផងដែរ ៕
ប្រភព: News -on- 24