ក្រុមហ៊ុន​ Realme គ្រោង​ប្រជែង​ទីផ្សារ​ទូរសព្ទ​ឆ្លាតវៃ​នៅ​​អឺរ៉ុប ជាមួយម៉ូដែ​លថ្លៃ​បំផុត​របស់​ខ្លួន​

អន្តរជាតិ

កាលពី​ពេល​កន្លង​ទៅ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Realme បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក​នឹង​ចូលខ្លួន​ប្រជែង​ទីផ្សារ​អន្តរជាតិ​នៅ​តំបន់​អឺរ៉ុប​នា​ខែក្រោយ ជាមួយ​នឹង​ទូរស័ព្ទ​តម្លៃ​ថ្លៃ​បំផុត​របស់​ក្រុមហ៊ុន។ នេះ​បើតាម​សម្ដី​របស់ CEO ក្រុមហ៊ុន​បាន​ប្រាប់​ទៅ​កាន់​ Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Shenzhen មាន​បំណង​ចង់​បង្កើន​ការ​លក់​យ៉ាងតិច ៥០% បន្ថែម​ទៀត​លើ​ទីផ្សារ​សកល​នៅ​ក្នុង​ឆ្នាំនេះ ដោយ​មាន​គម្រោង​ដាក់​លក់​ទូរស័ព្ទ​ម៉ាក GT 2 Pro នៅ​លើ​ទីផ្សារ​អឺរ៉ុប​នៅ​ខែកុម្ភៈ ក្នុង​តម្លៃ​ចន្លោះ​ពី ៧០០ ទៅ ៨០០ អឺរ៉ូ ឬ​ប្រហែល ៨០០ ទៅ ៩០០ ដុល្លារ។

យ៉ាងណា បើ​ទោះ​ជា​បច្ចុប្បន្ន​ការ​រាតត្បាត​កូវីដ-១៩ កំពុង​បង្ក​ការ​រំខាន​ដល់​លក្ខខណ្ឌ​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​តម្រូវការ​ស្មាតហ្វូន​ធ្លាក់ចុះ តែ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ឈានមុខ និង​លូតលាស់​លើ​វិស័យ​នេះ​ជាងគេ​លើ​ពិភពលោក Realme អាច​ទប់ទល់​ជាមួយ​នឹង​ស្ថានការណ៍​ខាងលើ​បាន​ដោយ​គ្មាន​បញ្ហា។

ជាមួយគ្នា​នោះ Counterpoint Research ប៉ាន់ប្រមាណថា ទីផ្សារស្មាតហ្វូនរបស់អ៊ឺរ៉ុប ទទួលបានប្រាក់ចំណូលចំនួន ៨០,៦៥ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២១ ដែលក្នុងនោះ​ស្មាតហ្វូន​កម្រិត​ខ្ពស់មានចំនួន ៥៥,៥៦ ពាន់លានដុល្លារ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​ទូរស័ព្ទ​លក់​ដាច់​បំផុត​នៅ​លើ​ទីផ្សារ​អឺរ៉ុប​នោះ​គឺ iPhone 13 ដែល​មាន​តម្លៃ​ចាប់​ពី ៨៥០ ដុល្លារ​ឡើង​ទៅ ខណៈ​តាម​ពីក្រោយ​ដោយ​ Samsung និង Xiaomi ដែល​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ទាំងនេះ​មាន​តម្លៃ​ប្រមាណ ៩០០ និង ៧០០ ដុល្លារ។

បញ្ជាក់​ផង​ដែរ​ថា Realme គឺ​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​កូនពៅ​ដែល​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ ២០១៨ តែ​បាន​វិវត្ត​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ក្លាយ​ជា​ក្រុមហ៊ុន​លក់​ស្មាតហ្វូន​បាន​ច្រើនបំផុត​ទី ៦ លើ​ពិភពលោក ដែល​មាន​ទីផ្សារ​យ៉ាង​ទូលាយ​នៅ​ប្រទេស​ឥណ្ឌា អាស៊ីអាគ្នេយ៍ និង​អឺរ៉ុប​ខាងកើត៕

ប្រភព: Kelo