មហាសេដ្ឋី​ម៉ាឡេស៊ី​ប្រកាស​ចុះចេញ​ពី​តំណែង​ជា CEO ក្រុមហ៊ុន Genting Hong Kong ក្រោយ​អាជីវកម្ម​នាវា​កម្សាន្ត​ដាំ​ក្បាល​ចុះ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ប្រធាន​ក្រុមហ៊ុន និង​នាយក​ប្រតិបត្តិ Genting Hong Kong លោក Lim Kok Thay បាន​ប្រកាស​ចុះចេញ​ពី​តំណែង បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​បញ្ចប់​អាជីវកម្ម​ខ្នាតយក្ស​មួយ​ គឺ​​សេវាកម្ម​នាវា​កម្សាន្ត ដោយសារ​តាំងពី​មាន​ការ​រាតត្បាត​កូវីដ-១៩ មក ចំណូល​នៃ​ផ្នែក​មួយ​នេះ​គឺ​ស្ទើរ​តែ​មិន​ទទួល​បាន​សោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់​រយៈពេល​ជាង ២ ឆ្នាំ​កន្លង​មក​នេះ​ដែល​ពិភពលោក​ទាំង​មូល​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​បញ្ហា​សុខភាព​សកល ក្រុមហ៊ុន​របស់​លោក Lim បាន​ដាំ​ក្បាល​ចុះ​ម្ដង​បន្តិចៗ ដែល​នេះ​គឺជា​សញ្ញា​អវិជ្ជមាន​មួយ​បញ្ជាក់​ពី​ដំណើរការ​អាជីវកម្ម​ដែល​មិន​អាច​ផ្ដល់​ផល​ប្រយោជន៍​អ្វី​បាន។

ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​អាមេរិក​ក៏​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការ​រឹបអូស​យក​នាវា Genting នៅ​រដ្ឋ Miami ដោយសារ​ក្រុមហ៊ុន​ជាប់​បំណុល​ប្រេងឥន្ធនៈ ស្របពេល​ការ​កក់​សំបុត្រ​នាវា​កម្សាន្ត​តាម​អនឡាញ​ក៏​ពន្យារពេល​ទៀត ខណៈ​ការ​ជួញដូរ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​លើ​ផ្សារហ៊ុន​ហុងកុង​ក៏​បាន​បិទ​ផង​ដែរ។

ថ្វីបើ​បច្ចុប្បន្ន​ស្ថានការណ៍​របស់​ក្រុមហ៊ុន Genting Hong Kong កំពុង​មាន​សភាព​យ៉ាប់យ៉ឺន​ក្ដី តែ​វា​មិន​បាន​បង្ក​ហានិភ័យ​ដល់​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​ឯទៀត​ឡើយ ជាក់ស្ដែង​ Genting Bhd, Genting Singapore Ltd, Genting Malaysia Bhd ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី​គឺ​មិន​មាន​ភាគហ៊ុន​ជាប់​ពាក់ព័ន្ធ​ជាមួយ Genting Hong Kong ឡើយ។

បញ្ជាក់​ដែរ​ថា បើទោះជា​មហាសេដ្ឋី​មាន​ទ្រព្យ​ ២,៣ ពាន់​លាន​ដុល្លារ​ខាងលើ​ប្រកាស​ចុះចេញ​ពី​តំណែង​ជា CEO នៃ​ក្រុមហ៊ុន Genting Hong Kong ក៏​ពិតមែន​ តែ​លោក​ក៏​នៅ​តែ​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ប្រចាំ​ក្រុមហ៊ុន​ខាងលើ​ដដែល​ពោល​គឺ​ក្ដោបក្ដាប់​ភាគហ៊ុន​សរុប​ ៧៦%។

បន្ថែម​ពី​នោះ​លោក​ក៏​នៅ​មាន​ចំណែក​ភាគហ៊ុន​នៅ​ក្រុមហ៊ុន Genting ៣ ផ្សេង​ទៀត​ដូច​ដែល​បាន​រៀបរាប់​ខាងលើ​ផង​ដែរ៕

ប្រភព: freemalaysiatoday