មហាសេដ្ឋីហ្វីលីពីន Manuel Villar ធ្លាប់មានតំណែងធំមួយនៅក្នុងជួររដ្ឋាភិបាល គឺជាសមាជិកព្រឹទ្ធសភា ស្របពេលកន្លងមកប្រធានាធិបតី Rodrigo Duterte ធ្លាប់បង្ហើបថា បើសិនជាមហាសេដ្ឋីរូបនេះឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី នោះលោកនឹងគាំទ្រពេញទំហឹង។
យ៉ាងណា ម្ចាស់ជំនួញរាប់សិនអាជីវកម្មនេះហាក់មិនចង់ប្រឡូកក្នុងវិស័យនយោបាយតទៀតឡើយ ដោយថ្មីៗនេះលោកបានងាកមកចាប់អារម្មណ៍លើវិស័យបណ្ដាញសារព័ត៌មានម្ដង ដោយបានទិញយកក្រុមហ៊ុនវិទ្យុធំបំផុតប្រចាំប្រទេស ABS-CBN។
រំលឹកដែរថា កាលពីប៉ុន្មានឆ្នាំមុន ស្ថានីយវិទ្យុយក្សមួយនេះត្រូវបានក្រុមលោក Duterte អនុញ្ញាតឲ្យដំណើរការអាជីវកម្មដល់ឆ្នាំ ២០២០ ក្រោមហេតុផលនយោបាយ ដោយមិនបញ្ជាក់អ្វីច្បាស់ជាងនេះឡើយ។
ការដែលលោក Villar ទិញបានស្ថានីយវិទ្យុមួយនេះអាចជារឿងល្អសម្រាប់ប្រធានាធិបតី Duterte ដ្បិតមហាសេដ្ឋីរូបនេះអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងវិសាលភាពនៃការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មានដ៏ទូលំទូលាយមួយនេះ។
បញ្ជាក់ដែរថា យោងតាមរបាយការណ៍ចុះផ្សាយដោយ Forbes Magazine បានបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់ Manuel Villar គឺមានប្រមាណ ៧,២ ពាន់លានដុល្លារ និងជាបុគ្គលមានបំផុតប្រចាំប្រទេសហ្វីលីពីន ខណៈចំពោះតម្លៃរបស់ស្ថានីយវិទ្យុ ABS-CBN គឺមិនបានទម្លាយឲ្យដឹងឡើយ៕
ប្រភព: Inquirer