ក្រុមហ៊ុនថាមពលអូស្ត្រាលី Woodside បានធ្វើការប្រកាសដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍នេះ ដែលនឹងធ្វើឱ្យពួកគេក្លាយជាក្រុមហ៊ុនបរទេសចុងក្រោយមួយ ដែលឆ្ពោះទៅរកការបញ្ចប់អាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេស ដែលកំពុងគ្រប់គ្រងដោយរបបយោធាផ្តាច់ការ បន្ទាប់ពីការធ្វើរដ្ឋប្រហារ កាលពីឆ្នាំមុន ។
ជាក់ស្តែង ក្រុមហ៊ុនខាងលើ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ម្ចាស់ភាគហ៊ុន បន្ទាប់ពីប្រតិបត្តិការ អស់រយ:ពេល ៤ ឆ្នាំ នៅក្នុងប្រទេសនេះថា ៖ ” Woodside បានសម្រេចចិត្ត ដកខ្លួនចេញពីការធ្វើអាជីវកម្ម នៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រឹមនេះ ” ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនប្រេងដ៏ធំ ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Perth មួយនេះ បានលើកឡើង អំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកាន់តែធ្លាក់ចូលទៅក្នុងភាពយ៉ាប់យ៉ឺនកាន់តែខ្លាំងឡើយ ខណ:ជាហេតុធ្វើឱ្យ Woodside ត្រូវសម្រេចចិត្តធ្វើការផ្លាស់ប្តូរដ៏ធំមួយនេះ ដែលនឹងធ្វើឱ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់ យ៉ាងហោចណាស់ ២០០ លានដុល្លារផងដែរ ។
បន្ថែមពីនេះ ការចាកចេញត្រូវបានកើតឡើង នៅចំពេលមានសម្ពាធអន្តរជាតិកាន់តែខ្លាំង ទៅលើរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីក្រុមហ៊ុនថាមពលធំៗផ្សេងទៀត ដូចជា TotalEnergies និង Chevron ក៏បានប្រកាសពីការចាកចេញរបស់ពួកគេ កាលពីសប្តាហ៍មុនដែរ ។
ដោយឡែក នាយកប្រតិបតិ្ត Woodside លោក Meg O’Neill បាននិយាយថា ៖ ” ដោយសារតែស្ថានភាព ដែលកំពុងតែបន្ត នៅក្នុងប្រទេសមីយ៉ាន់ម៉ា យើងមិនអាចសញ្ចឹងគិត អំពីការចូលរួមរបស់ Woodside ក្នុងការអភិវឌ្ឍធនធានឧស្ម័ន A-6 ឬសកម្មភាពអភិវឌ្ឍន៍ផ្សេងទៀត នាពេលអនាគត នៅក្នុងប្រទេសនេះបានទេ ” ។
គួរឱ្យដឹងផងដែរថា ការចាកចេញរបស់ក្រុមហ៊ុនលោកខាងលិចទាំងនេះ អាចនឹងធ្វើឱ្យប្រទេសមីយ៉ាន់ម៉ា បាត់បង់ចំណូលចូលរដ្ឋរាប់លានដុល្លារ ក្នុងមួយឆ្នាំៗ ចំពេលស្ថានភាពសេដ្ឋកិច្ច កំពុងស្ថិតនៅក្រោមភាពតានតឹងខ្លាំង ៕
ប្រភព: Bangkok Post