ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប នៅថ្ងៃទី២៧ ខែមករា បើកសម្ពោធជាផ្លូវការសាខាថ្មីចំនួន ពីរ ទីតាំង គឺ សាខាច្បារអំពៅ និងសាខាសែនសុខ ក្រោមវត្តមានចូលរួមជាកិត្តិយសពីលោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា លោក Karimata Atsushi ឧបទូត នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃរ៉ូយ៉ាល់គ្រុប និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
ធនាគារ ជេ ត្រាស់ បានឲ្យដឹងថា ការបោះជំហ៊ានក្នុងការពង្រីកវិសាលភាពរបស់ខ្លួននេះ បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់ និងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចក្នុងប្រទេស ក៏ដូចជាស្របទៅនឹងចក្ខុវិស័យក្នុងការក្លាយទៅជា “ដៃគូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តបំផុត” នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈការផ្ដោតទៅលើ “អតិថិជនជាចំបង”។
ធនាគារ J Trust Royal គឺជាធនាគារបរទេសធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅក្នុង និងធ្វើការងារកម្ពុជា។
គួររម្លឹកថា ធនាគារ ANZ Royal ត្រូវបានប្ដូរឈ្មោះមកជាធនាគារ J Trust Royal ជាផ្លូវការនៅក្នុងខែសីហា ឆ្នាំ២០១៩ ក្រោយពី J Trust បានទិញយកភាគហ៊ុនធនាគារនេះ។
កាលពីឆ្នាំ២០២១កន្លងទៅ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានទទួលពានរង្វាន់ “ធនាគារឆ្នើមដែលផ្ដោតលើការយកចិត្តទុកដាក់ចំពោះអតិថិជនជាចម្បង” ពី Global Business Outlook (GBO) ដែលជាទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិដ៏ល្បីល្បាញមានទីតាំងនៅចក្រភពអង់គ្លេស។
ការទទួលស្គាល់ និងវាយតម្លៃរបស់ GBO សម្រាប់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺផ្អែកលើ ចំណេះដឹងអំពីផលិតផល វិជ្ជាជីវៈ និងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះពីសំណាក់បុគ្គលិកធនាគារ ជូនដល់អតិថិជន និងវត្តមានធនាគារនៅលើអ៊ីនធឺណិត ក៏ដូចជាកិច្ចការទំនួលខុសត្រូវសង្គមរបស់ធនាគារ នៅក្នុងប្រទេសកម្ពុជាផងដែរ៕