អគារខ្ពស់ៗកំពុងផ្លាស់ប្តូរទិដ្ឋភាពទីក្រុងភ្នំពេញ ហើយអគារខ្ពស់ៗចាប់ពី ៤០ ជាន់ឡើងមានជាង ៤០ អគារនាពេលបច្ចុប្បន្ននេះ។
សម្តេចតេជោហ៊ុន សែន បានកត់សម្គាល់ពីការប្រែប្រួលរីកចម្រើននៃរាជធានីភ្នំពេញ ដោយការលេចរូបរាងសំណង់អគារខ្ពស់ៗកប់ពពករាប់ពាន់។
បើតាមប្រមុខរដ្ឋាភិបាល នៅរាជធានីភ្នំពេញអគារកម្ពស់ចាប់ពីកម្ពស់៥ ជាន់ទៅជាង៥០ជាន់ មានប្រមាណ ១៦០៣ អគារ។ ក្នុងនោះ ចាប់ពី៥ ជាន់ជាន់ឡើងទៅ៩ ជាន់ មានជាង ៩២៦ អគារ ពីជាន់១០ ទៅ១៩ ជាន់ មាន ៤៥២ អគារ ពី ២០ ជាន់ទៅ ២៩ ជាន់ មាន១២០ អគារ ពី៣០ ទៅ៣៩ ជាន់ មានចំនួន ៦៥ អគារ និងអគារខ្ពស់ចាប់ពី ៤០ ជាន់ឡើង មាន៤០ អគារ។
បច្ចុប្បន្ននេះ The Peak ជាអគារពាណិជ្ជកម្មខ្ពស់ជាងគេនៅរាជធានីភ្នំពេញដែលមានកម្ពស់ ៥៥ ជាន់។ អគារពាណិជ្ជកម្ម ៣ ជាប់គ្នា មានទីតាំងទល់មុខមាត់ទន្លេ នៅក្បែរស្ពាននាគកោះពេជ្រ។
អគារពាណិជ្ជកម្មខ្ពស់កប់ពពកនេះជាគម្រោងរបស់ក្រុមហ៊ុន World Bridge Land ដែលបានចាប់ដៃគូជាមួយ ក្រុមហ៊ុន Oxley Holding International ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានវិនិយោគទុនជាង ៥៨០លានដុល្លារ ដែលបានចាប់ផ្ដើមបុកគ្រឹះសាងសង់នៅឆ្នាំ២០១៦ ហើយបច្ចុប្បន្នជិតបញ្ចប់គ្រោងបើកដំណើរនាពេលដ៏ខ្លីខាងមុខនេះ៕