ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ជាភាសាអង់គ្លេសថា ADB បានសម្រេចផ្តល់ជំនួយចំនួនពីរមានតម្លៃសរុប ៦.៨លានដុល្លារអាមេរិកមកឲ្យកម្ពុជា ដើម្បីជួយស្តារវិស័យទេសចរណ៍ លើកស្ទួយគុណភាពនិងផលិតកម្មស្រូវ ព្រមទាំងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។
សេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃចន្ទ ទី៣១ ខែមករានេះ បានឲ្យដឹងថា កញ្ចប់ជំនួយទីមួយ មានតម្លៃ ៣.៧លានដុល្លារ ត្រូវបាន ADBរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាសហគមន៍ចំនួន ៤,០០០នាក់ តាមរយៈគម្រោងស្តារសហគមន៍ទេសចរណ៍សម្រាប់ការងើបឡើងវិញ ពីកូវីដ-១៩ គ្របដណ្តប់តំបន់ក្បែរប្រាសាទបេតិកភណ្ឌព្រះវិហារ ក្នុងខេត្តព្រះវិហារ និងប្រាសាទ ភ្នំដាក្នុងខេត្តតាកែវ។ ប្រមាណ ៣លានដុល្លារ នៃជំនួយនេះ ត្រូវបានផ្តល់ដោយមូលនិធិជប៉ុន សម្រាប់ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក ជាភាសាអង់គ្លេសថា the Japan Fund for Prosperous and Resilient Asia and the Pacific។
កញ្ចប់ជំនួយមួយទៀត មានតម្លៃ៣.៩លានដុល្លារ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូច ចំនួន ២២,០០០នាក់។ ជាការផ្តល់ហិរញ្ញប្បទានបន្ថែម សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវ ដែលធន់នឹងអាកាសធាតុនៅក្នុងខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង។ ប្រមាណ៣.៨លានដុល្លារនៃជំនួយនេះ បានមកពីកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកល the Global Agriculture and Food Security Program ជាមូលនិធិសកលមានគោលបំណង កាត់បន្ថយភាពអត់ឃ្លាន និងកែលម្អអាហារូបត្ថម្ភនៅក្នុងប្រទេសដែលមានចំណូលទាប។
ជុំវិញការផ្តល់ជំនួយនៅពេលនេះ លោក Anthony Gill នាយកស្តីទី ធានាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «កញ្ចប់ជំនួយទីមួយ នឹងជួយសហគមន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងសេវាកម្ម អតិថិជន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងជំរុញសេដ្ឋកិច្ចក្នុងតំបន់។ កញ្ចប់ជំនួយទីពីរ នឹងជួយកសិករដំណាំស្រូវនៅកម្ពុជា បង្កើនប្រាក់ចំណូល និងភាពធន់នឹងអាកាសធាតុតាមរយៈការដោះស្រាយ បញ្ហារំខានផ្នែកដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជំងឺកូវីដ១៩»។
លើសពីនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានប្តេជ្ញាថានឹងសម្រេចឲ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕