ទើប​មាន​វ័យ ៩ឆ្នាំ​សោះ ​ក្លាយ​ជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​ម្នាក់​ទៅ​ហើយ

អន្តរជាតិ

កន្លង​មក​យើង​ធ្លាប់​ស្គាល់​មហាសេដ្ឋី​ជា​ច្រើន​នាក់​រួច​មក​ហើយ​ រួម​មាន Elon Musk ជា​មហាសេដ្ឋី​បំផុត​លើ​លោក និង Mukesh Ambani ឬ​ Gautam Adani ដែល​បច្ចុប្បន្ន​កំពុង​ប្រជែង​គ្នា​ទទួល​ងារ​ជា​មហាសេដ្ឋី​មាន​បំផុត​នៅ​អាស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ មាន​ដំណឹង​ល្ហៀងៗ​ថា មាន​លេច​នូវ​វត្តមាន​របស់​មហាសេដ្ឋី​វ័យក្មេង​បំផុត​លើ​លោក​ដែល​មាន​វ័យ​ត្រឹម ៩ ឆ្នាំ​ប៉ុណ្ណោះ ខណៈ​ក្មេងប្រុស​ម្នាក់​នោះ​គឺ Muhammed Awal Mustapha ដែល​ត្រូវបាន​គេ​ហៅ​ថា Mompha Jr.។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី​ The Mirror។

សារព័ត៌មាន​ខាងលើ​បាន​អះអាង​បន្ថែម​ថា ឪពុក​ក្មេងប្រុស​ម្នាក់​នេះ​បាន​ទិញ​វីឡា​មួយខ្នង​ជា​កាដូ​សម្រាប់​ថ្ងៃខួប​កំណើត​វ័យ ៦ ឆ្នាំ​របស់ Mompha Jr. ខណៈ​ក្រៅពី​ការ​ទិញ​ផ្ទះ ឪពុក​ម្នាក់​នេះ​តែងតែ​បង្ហោះ​រូបភាព​នៅ​លើ​បណ្ដាញ​សង្គម​ Instagram អួតអាង​ពី​ជីវិត​បែប​ស៊ីវិល័យ​របស់​គ្រួសារ។

ជាក់ស្ដែង គណនី Instagram របស់ Mompha Jr. ផ្ទាល់ គឺ​ពោរពេញ​ទៅ​ដោយ​រូបភាព​បង្ហាញ​ពី​ការ​ចាយវាយ​ហ៊ឺហា​ដូចជា ការ​ទិញ​សម្លៀកបំពាក់ Brand Brand ជិះឡាន​ទំនើបៗ​ជា​ដើម។

យ៉ាងណា The Mirror ក៏​បាន​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​ឪពុក​របស់​ក្មេងប្រុស​ម្នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែមុន ក្រោម​ការ​ចោទប្រកាន់​ប្រើប្រាស់​ក្រុមហ៊ុន Ismalob Global Investment Limited ដើម្បី​បន្លំ​ប្រាក់​ប្រជាជន​ច្រើន​ជាង ៧៩ លាន​ដុល្លារ ហើយ​ពេលនេះ​លោក​កំពុង​រង់ចាំ​ដីកា​ពី​តុលាការ ក្នុង​ការ​ដោះស្រាយ​ក្ដី​ទាក់ទង​នឹង​ការ​ឆបោក​តាម​បណ្ដាញ​អ៊ីនធឺណិត និង​លាងលុយ​កខ្វក់៕

ប្រភព: blackenterprise