តាមតួលេខរបស់មន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានឲ្យដឹងថា នៅទូទាំងខេត្តត្បូងឃ្មុំមានផ្ទៃដីដាំដុះទុរ៉េនសរុបចំនួន ៦១០ហ.ត។ ស្រុកចំនួន ៤ ដែលមានផ្ទៃដីដាំដុះទុរ៉េនច្រើនជាងគេក្នុងនោះមានស្រុកមេម៉ត់ ពញាក្រែក តំបែរ និងស្រុកអូររាំងឪ។
នៅស្រុកតំបែរ មានកសិករចំនួន ១៦គ្រួសារ មានផ្ទៃដីដាំដុះទុរ៉េនសរុប ១០៦ហ.ត ហើយទើបតែប្រមូលផលបានប្រមាណ ១៥ហ.ត ប៉ុណ្ណោះ ហើយនឹងប្រមូលផលជាបន្តបន្ទាប់នៅពេលខាងមុខ។
បើតាមកសិករលោកសុខ ឡេង ដែលដាំដុះទុរ៉េនលើផ្ទៃដីជាង ២០ ហិកតា នៅស្រុកតំបែរបានឲ្យដឹងថា ដាំណាំទុរ៉េនមានទីផ្សារល្អ ទាំងក្នុងតំបន់ និងនាំទៅទីផ្សាររាជធានីភ្នំពេញ ដែលអាចលក់ក្នុងតម្លែ ២០០០០រៀល/គ.ក្រ។
អតីតមន្រ្តីរាជការដែលបានចូលនិវត្តបានដាំទុរ៉េនមករយៈពេល ២៣ឆ្នាំមក ដោយចាប់ផ្តើមដាំលើផ្ទៃដី ៣ហ.ត និងបានពង្រីករហូតបាន ២០ហ.ត។ បច្ចុប្បន្ន ផ្ទៃដីប្រមូលផលបានចំនួន ១៣ហ.ត ដោយទទួលបានទិន្នផលចំនួន ១០០តោន។
ផ្លែទុរ៉េនមានតម្លៃលើទីផ្សារខ្ពស់ មានតម្រូវការនាំចេញទៅលក់ទាំងនៅទីផ្សារទក្នុងស្រុកនិងអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន។
ខណៈចុះត្រួតពិនិត្យចំការទុរេននៅនៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីចុងសប្តាហ៍មុននេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានឲ្យដឹងថា ដំណាំទុរ៉េនគឺជាដំណាំដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចដែលទាមទារបច្ចេកទេសដាំ និងការថែទាំងដោយយកចិត្តទុកដាក់ទើបទទួលបានទិន្នផលខ្ពស់។
លោករដ្ឋមន្រ្តីបានណែនាំឲ្យម្ចាស់ចម្ការត្រូវចងក្រងជាសហគមន៍ ងាយស្រួលចរចាតម្លៃជាមួយដៃគូ ហើយអាចទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងលទ្ធភាពទទួលបានឥណទានពីប្រភពផ្សេងៗជាដើម។
លោករដ្ឋមន្រ្តីក៏ជំរុញឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ជួយរៀបចំសម្របសម្រួលធ្វើយ៉ាងណាពន្លឿនការចងក្រងសហគមន៍កសិករដាំដុះទុរ៉េន ឲ្យបានកាន់តែឆាប់ដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ ត្រូវសហការជាមួយក្រុមហ៊ុននាំចេញស្វាយ ឬចែកអំបូងលឿង ដើម្បីស្វែងយល់បន្ថែមអំពីលទ្ធភាពនាំចេញទុរ៉េន កម្ពុជាទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លី។
លោករដ្ឋមន្រ្តីក៏ណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្មត្រូវធ្វើ បច្ចុប្បន្នភាពផ្ទៃដីដាំដុះទុរ៉េន និងទិន្នផលនៅទូទាំងប្រទេស ព្រមជាមួយគ្នាក៏ត្រូវយកចិត្តទុកដាក់ សិក្សាស្រាវជ្រាវអំពីបច្ចេកទេសដាំដុះ ជំងឺ សត្វល្អិត និងបច្ចេកទេសកែច្នៃ ទុកដាក់សមស្របតាម ស្តង់ដារ CamGAP ជាពិសេសស្តង់ដារទីផ្សារនាំចេញ៕