អារ៉ាប៊ីសាអូឌីត ប្រកាសវិនិយោគទឹកប្រាក់ជាង ៦ ពាន់លានដុល្លារ ទៅលើបច្ចេកវិទ្យានាពេលអនាគត

អន្តរជាតិ

ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសអំពីការចាប់ផ្តើមវិនិយោគ ដែលមានទំហំទឹកប្រាក់ប្រមាណ ៦,៤ ពាន់លានដុល្លារ ទៅលើបច្ចេកវិទ្យានាពេលអនាគត ខណៈនេះបើតាមការលើកឡើងរបស់ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានវិទ្យាអារ៉ាប៊ីសាអូឌីត ដែលបាននិយាយកាលពីថ្ងៃអង្គារ កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ការវិនិយោគនេះ គឺបានកើតឡើង នៅពេលដែលប្រទេសអារ៉ាប៊ីសាអូឌីត កំពុងតែមានបំណងធ្វើចម្រុះកម្មទៅលើសេដ្ឋកិច្ចរបស់ខ្លួន ដោយមិនចង់ពឹងផ្អែកខ្លាំងទៅលើតែប្រេង ហើយក៏កំពុងតែប្រឈមមុខជាមួយនឹងការប្រកួតប្រជែង ជាមួយប្រទេសនៅក្នុងតំបន់យ៉ាងខ្លាំងក្លាផងដែរ ។

យ៉ាងណា ដោយថ្លែងនៅលើកម្មវីធី LEAP 2022 នៅក្នុងទីក្រុង Riyadh រដ្ឋមន្រ្តីព័ត៌មានវិទ្យា លោក Abdullah Al-Swaha បានប្រកាសប្រាប់ អំពីទឹកប្រាក់ ដែលក្រុមហ៊ុននានា នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នឹងដាក់ចូលនៅក្នុងការវិនិយោគ ទៅក្នុងវិស័យនេះ ដូចខាងក្រោម ៖

  • ក្រុមហ៊ុន Saudi Armaco នឹងវិនិយោគ ១ ពាន់លានដុល្លារ នៅក្នុងការអភិវឌ្ឍទៅលើអាជីវកម្ម start-ups តាមរយ:មូលនិធិគាំទ្រភាពជាសហគ្រិន Prosperity7 Ventures ។
  • ក្រុមហ៊ុន NEOM Tech & Digital Holding Company នឹងវិនិយោគ ១ ពាន់លានដុល្លារ ទៅក្នុងបច្ចេកវិទ្យានាពេលអនាគត និងការចេញលក់ផលិតផល M3LD និង ​XVRS ។
  • ក្រុមហ៊ុន Ignite នឹងបោះទុន ១ ពាន់លានដុល្លារ សម្រាប់មូនិធិគុណភាព និងគំនិតផ្តួចផ្តើម ដើម្បីគាំទ្រ និងជំរុញមាតិកាឌីជីថល ។
  • ក្រុមហ៊ុន stc នឹងបណ្តាក់ទុន ១ ពាន់លានដុល្លារ នៅក្នុង Mena Hub ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីពង្រឹងជំហររបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការក្លាយជាមជ្ឈមណ្ឌល សម្រាប់ការតភ្ចាប់ ការទំនាក់ទំនង និង cloud computing ។
  • ក្រុមហ៊ុន J&T Express និង eWTP Arabia Capital នឹងចាប់ដៃគ្នា វិនិយោគ ២ ពាន់លានដុល្លារ ក្នុងវិស័យភ័ស្តុភាឆ្លាតវៃក្នុងតំបន់ ។

ហើយលើសពីនេះ ក៏នៅមានការវិនិយោគច្រើនជាង ៣០០ លានដុល្លារទៀត ក្នុងភាពជាសហគ្រិន ឌីជីថល ដើមទុនវិនិយោគ និងមូលនិធិជួយដល់អាជីវកម្ម startup ជាដើម ។

បន្ថែមពីនេះ លោក Al-Swaha ក៏បានប្រាប់ពីរបៀបដែលក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដូចជា Apple , Microsoft និង Google ក៏កំពុងបង្ហាញការចាប់អារម្មណ៍ ជុំវិញវត្តមានរបស់ពួកគេ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ ៕

ប្រភព: Arabnews