កម្មវិធីចំណុះក្រសួងសេដ្ឋកិច្ច និងធនាគារឈានមុខល្បីៗ បើកសម្ពោធកម្មវិធីថ្មីដើម្បីជួយសហគ្រាសធុនតូច និងធម្យមនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សហគ្រិនខ្មែរនៃក្រសួងសេដ្ឋកិច្ច ក្រុមហ៊ុន OBOR និង​ស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយចំនួននៅកម្ពុជា ដូចជា ធនាគារ ABA គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ធនាគារ វីង ធនាគារសហគ្រាសធុនតូចនិងមធ្យម SME Bank និងធនាគារ អេស៊ីលីដា នៅថ្ងៃទី២៨ ខែមករានេះ បានបើកសម្ពោធកម្មវិធី «ត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគសម្រាប់សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា» ដែលហៅជាភាសាអង់គ្លេសថា Cambodia SME Investment Readiness​ (IR) Programme នឹងផ្តោតលើការកំណត់អត្តសញ្ញាណនិងទំហំនៃសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេស ដើម្បីឱ្យពួកគេបង្កើនលទ្ធភាពក្នុងការពង្រីកដើមទុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាមជាស្ថាប័នក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរ ផ្តល់ការគាំទ្រដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនឲ្យមានប្រសិទ្ធិភាពនៅកម្ពុជា។ សសរស្តមមួយ ក្នុងចំណោមសសរស្តមនានារបស់សហគ្រិនខ្មែរ គឺ​ បង្កើនឱកាសនៃការទទួលបានការគាំទ្រថវិកា សម្រាប់សហគ្រាសធុនតូចនិងមធ្យម​ ហើយកម្មវិធី «ត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគសម្រាប់សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា» នេះនឹងធ្វើឱ្យសម្រេចបាននូវគោលដៅរបស់ សហគ្រិនខ្មែរ។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិរបស់ «សហគ្រិនខ្មែរ» បានលើកឡើងថា «ការឧបត្ថម្ភរបស់ស្ថាប័នធនាគារនៅក្នុងកម្មវិធីនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធផ្សេងៗគ្នានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិន ដើម្បីបង្កើនលទ្ធភាពក្នុងការទទួលបានការគាំទ្រហិរញ្ញវត្ថុ សម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ហើយ សហគ្រិនខ្មែរ មានក្តីសោមនស្សរីករាយដែលបានក្លាយជាចលករមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងបែបនេះ»។

សូមជម្រាបថា កម្មវិធី SME IR នឹងចាប់ផ្តើមការបណ្តុះបណ្តាលរបស់ខ្លួននៅដើមខែកុម្ភៈ ឆ្នាំ ២០២២នេះ សម្រាប់សហគ្រាសធុនតូច និងមធ្យមចំនួន ២៥ ដែលត្រូវបានជ្រើសរើស។ សិក្ខាសាលាមានរយៈពេលពី ២០​ ដល់ ២៥ម៉ោង នឹងបណ្តុះបណ្តាលអំពីតម្រូវការវិនិយោគិន គម្រោងអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ។

ជាមួយគ្នានេះ នៅជុំទីពីរ គម្រោងនឹងជ្រើសរើសសហគ្រាសធុនតូចនិងមធ្យមចំនួន ៥ ដែលពួកគេនឹងទទួលបានការប្រឹក្សាផ្នែកហិរញ្ញវត្ថុ ១ទល់នឹង១ ដែលរៀបចំឡើងដើម្បីជួយពួកគេឲ្យសម្រេចគោលដៅបង្កើនដើមទុនអាជីវកម្ម។

ទន្ទឹមនឹងការបង្កើនដើមទុន ធនាគារ ABA, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, ធនាគារ វីង និង ធនាគារ សហគ្រាសធុនតូចនិងមធ្យម ក៏បានរួមគ្នាបង្កើតកញ្ចប់ប្រាក់រង្វាន់ចំនួន ១៥,០០០ ដុល្លារ ដែលនឹងផ្តល់ជូនដល់សហគ្រាសដែលឈានមុខគេ៕