រដ្ឋាភិបាលអេហ្ស៊ីប ទាញចំណូលបំបែកកំណត់ត្រាបានជាង ៥០០ លានដុល្លារ ពីព្រែកជីកស៊ុយអេ

អន្តរជាតិ

ប្រធានអាជ្ញាធររបស់ព្រែកជីកស៊ុយអេ លោក Osama Rabie បានធ្វើការប្រកាសកាលពីថ្ងៃអង្គារថា ភាពមមាញឹករបស់នាវាដឹកទំនិញធំៗ នៅលើផ្លូវទឹកដ៏សំខាន់មួយនេះ ក្នុងអំឡុងខែមករាឆ្នាំ ២០២២ បានបង្កើតកំណត់ត្រាប្រាក់ចំណូល ដែលមិនធ្លាប់មានពីមុនមក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង លោក Rabie បានពន្យល់ថា តួរលេខដែលសម្រេចបាន គឺទាក់ទងជាមួយនឹងចំនួនកប៉ាល់ ទម្ងន់សុទ្ធ និងចំណូលដែលសម្រេចបានក្នុងចំនួនខ្ពស់បំផុត បើធៀបនឹងប្រតិបត្តិការ ដែលសម្រេចបាន នៅក្នុងខែមករាដូចគ្នា កាលពីឆ្នាំមុន ។

មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីដដែលនេះ បានបង្ហាញទៀតថាព្រែកជីកស៊ុយអេ ទទួលបានកប៉ាល់ឆ្លងកាត់ ចំនួន ១៧៧៤ ក្នុងទិសដៅទាំងពីរ នៅខែមករាឆ្នាំ ២០២២ បើធៀបនឹងកប៉ាល់ដែលបានឆ្លងកាត់ត្រឹមតែ ១៥៩៤ គ្រឿងប៉ុណ្ណោះ នៅខែមករាដូចគ្នា ក្នុងឆ្នាំ ២០២១ ស្របពេលមានទម្ងន់សរុបចំនួន ១០៦,១ លានតោន បើធៀបនឹងទម្ងន់ ១០៤,២ លានតោន នៅក្នុងឆ្នាំ ២០២១ ។

លើសពីនេះ លោក Osama Rabie បានពន្យល់បន្ថែមទៀតថា ភាពទៀងទាត់នៃនាវាចរណ៍ នៅក្នុងព្រែកជីក ដែលតភ្ចាប់រវាងទ្វីបសំខាន់ៗលើពិភពលោកមួយនេះ គឺបានជះឥទ្ធពលយ៉ាងខ្លាំង ចំពោះការបង្កើនប្រាក់ចំណូលសរុប ដែលសម្រេចបាន ខណ:អាជ្ញាធររបស់ព្រែកជីកស៊ុយអេ បានចុះបញ្ជីប្រាក់ចំណូលបំបែកកំណត់ត្រា រហូតដល់ ៥៤៤,៧ លានដុល្លារ ដោយមិនរាប់បញ្ចូលសេវានាវាចរណ៍ ខណ:បើធៀបនឹងចំណូល ៤៩៥,៧ លានដុល្លាលរ អំឡុងខែមករាដូចគ្នា កាលពីឆ្នាំមុន ។

គួរបញ្ជាក់ផងដែរថា ព្រែកស៊ុយអេ គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុត រវាងទ្វីបអឺរ៉ុប និងអាស៊ី ខណ:វាក៏ជាប្រភពចំណូលដ៏សំខាន់បំផុតមួយ របស់រដ្ឋាភិបាលអេហ្ស៊ីបផងដែរ ៕

ប្រភព: Gyptindependent