តំបន់​សេដ្ឋកិច្ច​ពិសេស ០៩ កន្លែង​នៅ​ខេត្ត​ស្វាយរៀង ផ្តល់​ការងារ​ដល់​ពលរដ្ឋ​រាប់ម៉ឺននាក់

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តស្វាយរៀង គឺជាខេត្តមួយក្នុងចំណោមរាជធានីខេត្តទាំង២៥ ស្ថិតនៅប៉ែកអាគ្នេយ៍មានចម្ងាយប្រមាណ​១២៥​គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជុំ ហាត ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ស្វាយ​រៀងបាន​ឲ្យ​ដឹង​ថា ខេត្តស្វាយរៀង​​​មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ កន្លែង ហើយ​ ៩ កន្លែងកំពុងដំណើរការ។ សរុបទូទាំងខេត្ត មានក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សរុបចំនួន ២៤៧ កន្លែង។

តាម​រយៈតំបន់​សេដ្ឋកិច្ច​ពិសេស រួម​ទាំង​​សហគ្រាស​ខ្នាត​តូច​និងមធ្យម​​ទូទាំង​ខេត្ត​ បាន​រួមចំណែក​ផ្តល់​ការងារ​ប្រមាណ ៩៥ ៤៧០នាក់ ក្នុងនោះកម្មករ កម្មការិនី នៅតាមរោងចក្រ សហគ្រាស មានចំនួន ៦ ម៉ឺននាក់។

បើតាម​លោកប្រធានក្រុមប្រឹក្សា​ខេត្ត ពលរដ្ឋនៅ​ខេត្ត​ស្វាយរៀង​មាន​ចំនួន​សរុបជាង ៦៥ ម៉ឺននាក់ ហើយ​ប្រជាជនភាគច្រើនប្រកបមុខរបរកសិកម្មដែលមាន​ជាង ៥៨% ឧស្សាហកម្ម និងសេវាកម្ម ៤០% និងមុខរបរសិប្បកម្មប្រមាណ ២%។

បច្ចុប្បន្ន​ខេត្ត​ស្វាយរៀង​មានច្រកទ្វារព្រំដែនចំនួន ៨ កន្លែង រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិ ២ កន្លែង ច្រកទ្វារ ព្រំដែនទ្វេភាគី ២ កន្លែង និងច្រកទ្វារតំបន់ ៤ កន្លែង ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញពាណិជ្ជកម្មឆ្លងកាត់​ទៅប្រទេស​វៀតណាម។