តារាសម្ដែងសកម្មខាងការងារមនុស្សធម៌លោក សាវិន ហ្វីលីព និងភរិយាបានប្រមូលថវិការពីសប្បុរជននានាបានប្រមាណជាងមួយម៉ឺនដុល្លារដើម្បីយកជួយដល់លោកគ្រូអ្នកគ្រូមកពីសាលាវិចិត្រសិល្បៈ ១៥០នាក់នៅក្នុងកម្មវិធីរំលឹកគុណគ្រូ របាំ ល្ខោន ភ្លេង និងសៀក លើកទី២ ឆ្នាំ២០១៩កាលពីដើមសប្ដាហ៍កន្លងទៅនេះ។
លោកបានបង្ហាពីក្ដីរីករាយនៅពេលការរៀបចំកម្មវិធីរំលឹកគុណគ្រូលើកទី២នេះទទួលបានជោគជ័យ និងមានសប្បុរជនជាច្រើនចូលរួមគាំទ្រ និងបរិច្ចាគថវិការដើម្បីជួយដល់លោកគ្រូ អ្នកគ្រូកំពុងជួបការខ្វះខាត។
តារាសម្ដែងល្បីឈ្មោះរូបនេះបញ្ជាក់ថា៖”ខ្ញុំ និងភរិយាពិតជារកអ្វីថ្លែងពុំចេញនោះទេ ដោយសារការរៀបចំលើកនេះយើងពិតជាជោគជ័យខ្លាំងមែន រហូតដល់លោកគ្រូអ្នកគ្រូខ្លះពួកគាត់រំភើប និងយំពេលយើងផ្ដល់ថវិការដល់ពួកគាត់”។
លោកសាវិន ហ្វីលីព បានថ្លែងអំណរគុណដល់សប្បុរជននានាបានជួយបរិច្ចាគថវិការសម្រាប់ការជួយទ្រទ្រង់ការរៀបចំកម្មវិធីនេះ។ ជាពិសេសលោក និងភរិយា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដែលបានបរិច្ចាគថវិកាចំនួន ៣៥០០ដុល្លា (បីពាន់ប្រាំរយដុល្លា) ជួយដល់កម្មវិធីរំលឹកគុណគ្រូ របាំ ល្ខោន ភ្លេង និងសៀកលើកទី២ ឆ្នាំ២០១៩កាលពីថ្ងៃម្សិលមិញ។
ថវិកាដែលកម្មវិធីទទួលបានសរុប ១១ ៥៨៧.៥០ដុល្លា ( មួយមុឺនមួយពាន់ប្រាំរយប៉ែតសិបប្រាំពីរដុល្លា និងហាសិបសេន) ក្នុងនោះកម្មវិធីជូន លោកគ្រូអ្នកគ្រូ ចាស់ជរា ពិការ និងមានជំងឺធ្ងន់ចំនួន២៤នាក់ ក្នុងម្នាក់ទទួលបានថវិកា ៦០០ ០០០៛ ( ហុកសិបមុឺនរៀល)។ លោកគ្រូអ្នកគ្រូុចំនួន១១៦នាក់ ក្នុងម្នាក់ទទួលបាន ២០០ ០០០៛ (ម្ភៃមុឺនរៀល)។ ចូលបុណ្យសព លោកគ្រូ ចេង ភីយាន គ្រូល្ខោនបាសាក់ ៤០០ ០០០៛ (សែសិបមុឺនរៀល)។
តារាសម្ដែងដែលសកម្មខាងការងារមនុស្សធម៌នេះអះអាងទៀតថាប្រសិនបើគ្មានអ្វីរារាំងនោះទេ កម្មវិធីរំលឹកគុណគ្រូ របាំ ល្ខោន ភ្លេង និងសៀកលើកទី៣អាចនឹងកើតឡើងជាថ្មីទៀតនៅឆ្នាំបន្ទាប់។ ក្នុងនោះលោកសង្ឃឹមថាសប្បុរជននឹងបន្តចូលរួមបរិច្ចាគថវិការថែមទៀតដើម្បីជួយដល់លោកគ្រូអ្នកគ្រូផ្នែកសិល្បៈដែលពួកគេតែងតែលញបង់ទាំងកម្លាំងកាយ និងចិត្តដើម្បីជួយបង្ហាត់បង្រៀនកូនខ្មែរ និងថែរក្សាសិល្បៈវប្បធម៌ខ្មែរកន្លងមក៕