អាជ្ញាធរខេត្តកោះកុង ត្រៀមដីជាង ៣០០ហិកតាចែកឲ្យប្រជាពលរដ្ឋនៅស្រុកបូទុមសាគរកាប់ឆ្ការបង្កើនផល តែហាមលក់

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តកោះកុង ត្រៀមដីនៅភូមិប្រលាន និងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ មានទំហំសរុបចំនួន ៣១៨,៤៥ហិកតា សម្រាប់ចែកឲ្យប្រជាពលរដ្ឋ។ ដីនៅស្រុកបូទុមសាគរត្រូវបានចែកឲ្យប្រជាពលរដ្ឋនៅពេលនេះ គិតជាឡូតិ៍មានចំនួន ៩៦១ឡូត៍ ក្នុងមួយឡូត៍នីមួយៗមានទំហំ ក្រោម ២,០០០ម៉ែត្រការ៉េ ២,០០០ម៉ែត្រការ៉េ ២,៥០០ម៉ែត្រការ៉េ និងលើស ២,៥០០ម៉ែត្រការ៉េ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 6 people, people sitting, people standing and indoor

បើតាមលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ប្រជាពលរដ្ឋដែលត្រូវទទួលបានដីឡូត៍ មានចំនួន ៦៦៤គ្រួសារ ចំនួន ២ភូមិ គឺភូមិព្រលាន ចំនួន ២៨៣គ្រួសារ និងភូមិតាំងកន់ ចំនួន ៣៨១គ្រួសារ។ លោកថា ដីដែលនៅសល់ពីការបែងចែកជូនប្រជាពលរដ្ឋ គឺទុកសម្រាប់សាងសង់សាលារៀន វត្តអារាម ផ្លូវ ផ្សារ និងកន្លែងសាធារណៈផ្សេងៗ។

រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា ការចុះបោះបង្គោលព្រំដីឡូត៍ ដែលដឹកនាំដោយរដ្ឋបាលស្រុកបូទុមសាគរ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ បន្ទាប់ពីការបោះបង្គោលព្រំដីឡូត៍រួចរាល់ រដ្ឋបាលស្រុកបូទូមសាគរនឹងរៀបចំពិធីឱ្យប្រជាពលរដ្ឋទាំង ៦៦៤គ្រួសារ ចាប់ឆ្នោតយកដីឡូត៍។

ថ្លែងក្នុងពេលផ្សព្វផ្សាយការបែងចែកដីជូនប្រជាពលរដ្ឋនៅពេលនេះ លោក សុខ សុទ្ធី បានបញ្ជាក់បន្ថែមថា ទីតាំងដីឡូត៍ដែលរដ្ឋបាលខេត្ត បានធ្វើការបែងចែកបន្ទាប់ពីការចាប់ឆ្នោតរួចហើយ ម្ចាស់ទីតាំងអាចកាប់ឆ្ការដើម្បីបង្កបង្កើនផលបាន ប៉ុន្តែមិនត្រូវលក់ដីនេះជាដាច់ខាត រហូតដល់រយៈពេល៥ឆ្នាំ។

May be an image of 8 people, people sitting, people standing and indoor

ដោយឡែក សម្រាប់ដីចម្ការអំពៅ ស្ថិតនៅឃុំកណ្តោល ស្រុកបូទុមសាគរ គឺជាដីរបស់រដ្ឋ ដែលបានជួលរយៈពេលវែងឱ្យក្រុមហ៊ុនវិនិយោគ។ ដូច្នេះ ទីតាំងដីចម្ការអំពៅនេះ មិនអាចធ្វើការបែងចែកជូនប្រជាពលរដ្ឋបានទេ ហើយអ្នកទៅបោះតង់ ទន្ទ្រានកាន់កាប់ដីនេះ គឺជាទង្វើខុសច្បាប់៕