លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តនៅទូទាំងប្រទេសប្រមាណជិត ១លាននាក់។ លោកបញ្ជាក់ថា តួលេខនេះមានការកើនឡើងប្រមាណ ៦.១៥% ធៀបនឹងរយៈពេលដូចគ្នានៃពិធីចូលឆ្នាំចិនកាលពីឆ្នាំ២០២១។
បើតាមលោក ថោង ខុន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ភ្ញៀវទេសចរណ៍សរុបចំនួនប្រមាណ ៩៤៧,៤៩៧ នាក់ ក្នុងនោះភ្ញៀវជាតិប្រមាណ ៩៣១,៣០៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ១៦,១៨៩ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រយៈពេល៣ថ្ងៃនេះ រួមមាន៖ រាជធានីភ្នំពេញ ២៥៨,០៦៩ នាក់ ខេត្តបាត់ដំបង ១៩៣,៥៦៧ នាក់ ខេត្តព្រះសីហនុ ៩៧,៥៤២ នាក់ ខេត្តកំពត ៦៦,៥៣៤ នាក់ ខេត្តសៀមរាប ៥៨,៩៥៣ នាក់ ខេត្តកែប ៥៥,២៥១ នាក់ និងខេត្តកណ្តាល ៥២,៣៩៤ នាក់។
លោក ថោង ខុន បានគូសបញ្ជាក់ថា វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋនៅមូលដ្ឋានមានក្តីរីករាយជាមួយចរន្តភ្ញៀវទេសចរដ៏ច្រើននេះ ខណៈដែលចរន្តភ្ញៀវទេសចរនឹងបន្តមានសន្ទុះខ្លាំងរហូតដល់ចុងសប្តាហ៍ ស្របពេលដែលចរន្តសេដ្ឋកិច្ចដែលមកពីការទិញរបស់របរ និងម្ហូបអាហារសម្រាប់សែនព្រេននាឱកាសចូលឆ្នាំនេះ ក៏បានចាក់បញ្ចូលដោយផ្ទាល់ និងប្រយោលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន។
យ៉ាងណា សម្រាប់រយៈពេល៣ថ្ងៃនេះ មិនមានបញ្ហាធំដុំណាមួយកើតឡើងនោះទេ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានខិតខំក្នុងការថែរក្សាសណ្តាប់ធា្នប់ សន្តិសុខ សុវត្ថិភាព សម្រួលចរាចរណ៍ ដើម្បីឲ្យដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទទួលបាននូវភាពរីករាយ៕