លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើដល់អ្នកវិនិយោគជប៉ុន ឲ្យមកវិនិយោគលើវិស័យកសិកម្មបន្ថែម និងវិស័យផ្សេងៗទៀត ដែលជប៉ុនបានធ្វើកន្លងមកនៅប្រទេសកម្ពុជា។ លោក ឃួង ស្រេង លើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Takhashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ កុម្ភៈម្សិលមិញ។
បើតាមលោក ឃួង ស្រេង នៅកម្ពុជាមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម។ លោកបានសង្កត់ធ្ងន់ថា ការចិញ្ចឹមត្រី និងការដាំខ្ទឹមបារាំង សំរាប់នាំចេញទៅទីផ្សារសំខាន់ៗនៅបរទេស ដូចជា ប្រទេសចិន ខណៈកម្ពុជាបានចុះហត្ថលេខារួចហើយលើការធ្វើពាណិជ្ជកម្មសេរីជាមួយភាគីចិនលើការនាំផលិតកសិកម្មពីកម្ពុជាចូលទៅទីផ្សារចិន។
លោក ឃួង ស្រេង លើកឡើងថា៖ “ជប៉ុនមានបច្ចេកទេសច្បាស់លាស់ក្នុងការចិញ្ចឹមត្រីនាំចេញ រួមទាំងផលដំណាំផ្សេងៗទៀតទៅកាន់ទីផ្សារនៃបណ្តាប្រទេសនានា។ ដូច្នេះជប៉ុនអាចបញ្ជូនអ្នកវិនិយោគមកសិក្សាលើវិស័យកសិកម្មនៅកម្ពុជាប្រកបដោយសក្តានុពល”។
ជាមួយគ្នានេះ លោក Takahashi Fumi aki ដែលជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១៩ អ្នកវិនិយោគជប៉ុនប្រមាណ២០០ក្រុមហ៊ុនមកទស្សនកិច្ចនៅរាជធានីភ្នំពេញ។ ហើយនៅខែមេសាក្រោយចូលឆ្នាំខ្មែរខាងមុខ សមគមមានបំណងនាំអ្នកវិនិយោគជប៉ុនមកទស្សនកិច្ចនៅរាជធានីភ្នំពេញជាលើលើកទី២ នឹងរៀបចំឲ្យមានវេទិការពិគ្រោះយោបល់ និងពិភាក្សាលើការវិយោគនៅកម្ពុជាផងដែរ។
សូមជម្រាបជូនថា យោងតាមរបាយការណ៍ពីប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មបានបង្ហាញថា ក្នុងឆ្នាំ២០២១នេះ កម្ពុជាបានសម្រេចលទ្ធផលនៃការនាំចេញទំនិញកសិផលក្រៅពីស្រូវ-អង្ករ ទៅកាន់ទីផ្សារក្រៅប្រទេសមានចំនួនជាង៥លានតោន ដោយគិតជាទំហំទឹកប្រាក់មានតម្លៃប្រមាណ៣ពាន់លានដុល្លារ។
បើតាមរបាយការណ៍ពីក្រសួងកសិកម្ម បរិមាណនាំចេញក្នុងឆ្នាំនេះ បន្តកើនឡើងជាង១លានតោន រឺស្មើ៤៨,១៤% បើធៀបនឹងឆ្នាំ២០២០ មានទំហំនាំចេញត្រឹមតែជាង៣លានតោនប៉ុណ្ណោះ។
ក្នុងរបាយការណ៍ដដែលបង្ហាញថា ក្នុងរយៈពេល១២ខែ ឆ្នាំ២០២១កន្លងទៅ កម្ពុជាបាននាំចេញកសិផលក្រៅពីស្រូវ-អង្ករទៅកាន់ទីផ្សារអន្តរជាតិជាង៤០ប្រទេសនៅលើពិភពលោក ដោយមុខទំនិញដែលកម្ពុជាបាននាំចេញមានចំនួន១១៣ប្រភេទ។
ក្នុងចំណោម កសិផលក្រៅពីស្រូវ-អង្ករចំនួន១១៣ប្រភេទខាងដើមនោះរួមមាន៖ ការនាំចេញចំណិតដំឡូងមីក្រៀមកម្ពុជាសម្រេចបានចំនួនជាង១លាន៦សែនតោន កើនឡើង ៥២,៦%, ម្សៅដំឡូងមីមានចំនួនជាង៣ម៉ឺនតោន កើន២,៦៦%, កាកសំណល់ដំឡូងមីមានចំនួនជាង៣ពាន់តោន ថយចុះ-៣៣,០៦%, គ្រាប់ស្វាយចន្ទីបាននាំចេញចំនួនជិត១លានតោន បន្តកើនឡើងរហូតដល់ ៣២៨,៣៤%, គ្រាប់ពោតមានទំហំនាំចេញចំនួនប្រមាណ២០ម៉ឺនតោន កើនឡើង៣,៥៨%, គ្រាប់សណ្តែកបាយមានចំនួនជិត៣ម៉ឺនតោន កើនឡើង១៨៩,៦១% និងគ្រាប់សណ្តែកសៀងមានចំនួន១០ម៉ឺនតោន បន្តកើនឡើង២៦៤,២៤%។
បើតាមក្រសួងកសិកម្ម ទីផ្សារនាំចេញទំនិញកសិផលរបស់កម្ពុជាក្នុងចំណោម៤០ប្រទេសនោះរួមមាន៖ ប្រទេសចិន វៀតណាម ថៃ កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា អារ៉ាប់រួម សហរដ្ឋអាមេរិក ប៊ែលហ្ស៊ិក និងប្រទេសបង់ក្លាដែស៕