ក្រុមហ៊ុនផលិតស្រាបៀ ហនុមាន បានប្រកាសជាផ្លូវការពីការជ្រើសរើសកំពូលតារាចម្រៀងរ៉េប វណ្ណដា ជាទូតសុច្ឆន្ទៈលើផលិតផលស្រាបៀរយីហោថ្មី ដែលកំពុងវាយលុកទីផ្សារក្នុងស្រុកមួយនេះ។
តាមសេចក្តីជូនដំណឹងនៅលើផេករបស់ក្រុមហ៊ុនផុសប៉ុន្មានម៉ោងមុននេះបានបញ្ជាក់ថា ក្រុមហ៊ុនមានមោទនភាពក្នុងការប្រកាសសិល្បករ Vann Da – វណ្ណដា ដែលពោរពេញដោយទេពកោសល្យ និងកំពុងតែពេញនិយមជាខ្លាំង ខាងច្រៀង និងនិពន្ធបទភ្លេងរ៉េបនៅកម្ពុជាជាទូតសុច្ឆន្ទៈដំបូងរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។
ហនុមានជាក្រុមហ៊ុនផលិតស្រាបៀដែលបានទើបប្រឡូកទីផ្សារថ្មីថ្មោង។ រោងចក្រតម្លៃ ១៦០ លានដុល្លារអាមេរិករបស់ក្រុមហ៊ុន HANUMAN BEVERAGES មានទីតាំងស្ថិតនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពពីក្រុមហ៊ុនមិនបានបញ្ជាក់ពីតម្លៃកុងត្រាជាមួយតារារ៉េបលំដាប់អន្តរជាតិ ឬកិច្ចសន្យាចងភ្ជាប់យ៉ាងណា ទើបតារារូបនេះបានចុះកិច្ចព្រមព្រៀងក្នុងសហការគ្នាលើការងារថ្មីនេះ។
អតិថិជនចាប់ផ្តើមស្គាល់យីហោស្រាបៀ ហនុមាន តាមរយៈរសជាតិថ្មីប្លែក និងក្រោយមានការផ្សព្វផ្សាយយ៉ាងផុលផុសលើបណ្តាញសង្គម។
ក្រៅពីស្រាបៀហនុមាន រោងចក្រស្រាបៀថ្មីមួយទៀតរបស់ក្រុមហ៊ុនវឌ្ឍនៈដែលប្រើទុនវិនិយោគ ១៣៩ លានដុល្លារ មានទីតាំងនៅខណ្ឌច្បារអំពៅ ក៏បានចាប់ផ្តើមខ្សែចង្វាក់ផលិតកម្មនៅឆ្នាំ ២០២១ ជាមួយសមត្ថភាពផលិតរហូតដល់ ៧៦ លានកេស ក្នុងមួយឆ្នាំ។
ឧស្សាហកម្មផលិតស្រាបៀរនៅកម្ពុជា ត្រូវបានគេមើលឃើញថា មានការរីកចម្រើនខ្លាំង និងបានចូលរួមចំណែកមួយភាគធំក្នុងចំណូលថវិកាជាតិតាមរយៈការបង់ពន្ធ។
បើតាមប្រភពពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដែលបានចុះបញ្ជីចំនួន ១០ កំពុងដំណើរការក្នុងនោះរួមមាន ក្រុមហ៊ុន Ana Water and Smiler Beverage Co.,Ltd ក្រុមហ៊ុន Asian Sunrise Co.,Ltd ក្រុមហ៊ុន Cambodia Brewery Ltd (CBL) ក្រុមហ៊ុន Cambrew Ltd ក្រុមហ៊ុន Daun Penh Food & Beverage Co., Ltd ក្រុមហ៊ុន Khmer Beverage Co.,Ltd ក្រុមហ៊ុន Far East Import Export Co.,Ltd ក្រុមហ៊ុន Kingdom Breweries (Cambodia) Limited ក្រុមហ៊ុន Media G.B Enterprise Co.,Ltd និងក្រុមហ៊ុន Phnom Penh Beer Co., Ltd៕