លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ប្រធានសមាគមជប៉ុន-កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើឡើង។
ក្នុងជំនួបនោះលោករដ្ឋមន្រ្តីបានលើកអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាការងារពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា និងជប៉ុន ផងដែរ។
បើតាមលោករដ្ឋមន្រ្តី ជប៉ុនបានក្លាយជាទីផ្សារនាំចូលផលិតផលសូត្រដ៏ធំបំផុតរបស់កម្ពុជានៅឆ្នាំ២០២០ ដែលមានចំនួនរហូតដល់ ១,៥ លាន ដុល្លារ។ កម្ពុជាបាននាំចូលសូត្រឆៅប្រមាណ ៤០០ ទៅ ៥០០តោន ក្នុងមួយឆ្នាំ ដើម្បីផលិតទៅជាផលិតផលសិប្បកម្ម សម្រាប់នាំចេញទៅកាន់ទីផ្សារធំៗ ដែលរួមមាន ប្រទេសថៃ វៀតណាម ចិន និង ជប៉ុន
លោករដ្ឋមន្រ្តីក៏បានលើកពីទំហំពាណិជ្ជកម្មប្រទេសទាំងពីរ បើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (DGCE) ការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុនបានឈានដល់ប្រមាណ ១,៥ ពាន់លានដុល្លារ គិតត្រឹមខែសីហា ឆ្នាំ២០២១។ សក្តានុពលផលិតផលនាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងសង្ហារឹម ដែលមានចំនួនខ្ពស់បំផុតក្នុងចំណោមផលិតផលផ្សេងទៀត ក្រៅពីនោះមានផលិតផលស្បែកជើង សម្លៀកបំពាក់ វាយនភ័ណ្ឌ និងផលិតផលប្រើប្រាស់ផ្សេងៗទៀតជាច្រើនមុខ៕