អ្នកឧកញ៉ា ហ៊ុន តូ អគ្គនាយកក្រុមហ៊ុន LXR Asean Inversment ត្រូវបានចាត់ទុកថា ជាអ្នកជំនួញដ៏ល្បីល្បាញនៅកម្ពុជា និងប្រទេសអូស្ត្រាលី។ លោកបានផ្តល់ផ្លូវបេតុងមួយខ្សែប្រមាណជាង ២គីឡូម៉ែត្រ ជាកាដូសម្រាប់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅឃុំ ពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ផ្លូវបេតុងមួយខ្សែនេះ ត្រូវបានស្ថាបនារួចរាល់ហើយ ដែលត្រូបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ នេះ ដោយមានការចូលរួមជាសេក្ខីភាពពីលោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការ ការពារជាតិ មហាផ្ទៃ និងមុខងារសាធារណៈ នៃរដ្ឋសភា ព្រមទាំងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
ផ្លូវបេតុមួយខ្សែដែលអ្នកឧកញ៉ា ហ៊ុន តូ ផ្តល់ជាកាដូជូនដល់ប្រជាពលរដ្ឋស្ថិតក្នុងស្រុកកំណើតផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលនេះ មានចំនួនប្រវែង ២.១៥៨ម៉ែត្រ ទទឹង៤,១០ម៉ែត្រ ស្ថិតនៅក្នុងឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់។
សូមជម្រាបជូនថា កន្លងមកអ្នកឧកញ៉ា ហ៊ុន តូ តែងតែបង្ហាញវត្តមានចូលរួមវិភាគទានជាថវិកា និងជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតជូនដល់រាជរដ្ឋាភិបាល ក្នុងនាមលោកជាអ្នកជំនួញមួយរូបរកស៊ីនៅប្រទេសកម្ពុជា៕