ឆ្នាំ ២០២២ អាចនិយាយបានថា ជាការចាប់ផ្ដើមមិនសូវល្អប៉ុន្មានសម្រាប់មហាសេដ្ឋីជុំវិញពិភពលោក ជាក់ស្ដែងកាលពីពេលកន្លងទៅ Elon Musk ដែលធ្លាប់ឈរជាមហាសេដ្ឋីមានលុយច្រើនបំផុតប្រចាំប្រវត្តិសាស្ត្រជាង ៣០០ ពាន់លានដុល្លារ ធ្លាក់មកសល់ត្រឹម ២៣០ ពាន់លានដុល្លារ។
លើសពីនេះ ក្រុមមហាសេដ្ឋីនៅចិនឯណោះវិញ គឺកំពុងស្ថិតនៅក្នុងសភាពយ៉ាប់យ៉ឺន ពោលរដ្ឋាភិបាលកំពុងពង្រឹងផែនការ “ក្រោមមេឃតែមួយ” របស់ប្រធានាធិបតី Xi Jinping ក្នុងការលុបបំបាត់វិសមភាពសង្គមក្នុងប្រទេសផងដែរ និងតម្រូវឲ្យពួកគេបរិច្ចាគប្រាក់រាប់ពាន់លានដុល្លារទៅកាន់កម្មវិធីសប្បុរសធម៌ផ្សេងៗដែលរៀបចំឡើងដោយរដ្ឋាភិបាល។
អ្វីដែលកាន់តែហួសចិត្តស្មានមិនដល់ គឺកាលពីពេលថ្មីៗនេះ Mark Zuckerberg ដែលជាស្ថាបនិកក្រុមហ៊ុនបណ្ដាញសង្គមធំជាងគេលើលោក Facebook បានរបូតតំណែងងារជាមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ រូប បន្ទាប់ពីភាគហ៊ុនក្រុមហ៊ុន Meta បានធ្លាក់ចុះមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកថយចុះជាង ៣០ ពាន់លានដុល្លារក្នុងមួយថ្ងៃ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋី ១០ រូបដែលខាតបង់ប្រាក់ច្រើនបំផុតគិតចាប់ពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ៖
- Elon Musk បាត់បង់ទ្រព្យសម្បត្តិអស់ប្រមាណ ៣៩,៣ ពាន់លានដុល្លារ
- Mark Zuckerberg បាត់បង់ទ្រព្យសម្បត្តិអស់ប្រមាណ ៣៥,៩ ពាន់លានដុល្លារ
- Jeff Bezos បាត់បង់ទ្រព្យសម្បត្តិអស់ប្រមាណ ២៨,៤ ពាន់លានដុល្លារ
- Changpeng Zhao បាត់បង់ទ្រព្យសម្បត្តិអស់ប្រមាណ ២៤,៦ ពាន់លានដុល្លារ
- Steve Ballmer បាត់បង់ទ្រព្យសម្បត្តិអស់ប្រមាណ ១១,៥ ពាន់លានដុល្លារ
- Bernard Arnault បាត់បង់ទ្រព្យសម្បត្តិអស់ប្រមាណ ១០,៥ ពាន់លានដុល្លារ
- MacKenzie Scott បាត់បង់ទ្រព្យសម្បត្តិអស់ប្រមាណ ៩,៧៣ ពាន់លានដុល្លារ
- Bill Gates បាត់បង់ទ្រព្យសម្បត្តិអស់ប្រមាណ ៩,១១ ពាន់លានដុល្លារ
- Francoise Bettencourt Meyers បាត់បង់ទ្រព្យសម្បត្តិអស់ប្រមាណ ៩,០៦ ពាន់លានដុល្លារ
- Larry Ellison បាត់បង់ទ្រព្យសម្បត្តិអស់ប្រមាណ ៦,៩៥ ពាន់លានដុល្លារ៕
ប្រភព: ceoworld