បច្ចេកទេស​ថ្មី យកដី​ស្រែ​ដាំស្រូវ​មក​ចិញ្ចឹម​បង្កង​ដៃវែង​​ ទទួល​លទ្ធផល​ផ្លែផ្កា

សង្គម​ និង​សេដ្ឋកិច្ច

បង្កងដៃវែងត្រូវ​បាន​កសិករ​ខេត្តតាកែវ​​ចិញ្ចឹម​ទទួលបាន​លទ្ធផល​ដំបូង ក្រោយ​មានការ​សាកល្បង​​ចិញ្ចឹមដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​បច្ចេកទេស​វារីវប្បកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហាវ វិសិដ្ឋ អនុប្រធាន​រដ្ឋបាល​ជលផល និង​ជា​អ្នក​បច្ចេកទេស​វារីវប្បកម្ម​ដែល​បាន​ចូលរួមណែនាំ​​បច្ចេកទេស​ចិញ្ចឹម​បង្កង​ដៃវែង​បាន​ប្រាប់​ឧកញ៉ាញូសន៍​តាម​ទូរសព្ទ​​ថា កសិករ ៦ គ្រួសារនៅក្នុងស្រុកទ្រាំង ស្រុកបុរីជលសារ និងស្រុកកោះអណ្តែត បានចាប់អារម្មណ៍៍ និងសាកល្បងចិញ្ចឹមបង្កងដៃវែងជាលើកដំបូង ដោយមានការសម្របសម្រួល និងផ្តល់បច្ចេកទេសចិញ្ចឹមដោយក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម សហការជាមួយមន្រ្តីជំនាញវារីវប្បកម្មនៃខេត្តតាកែវ។

ក្រោយ​ការ​សាកល្បងបាន​ប៉ុន្មាន​ខែ​នេះ​ឃើញ​ថា​ កសិករ​គំរូ​ទាំង ៦ គ្រួសារ ពេញ​ចិត្ត​ផល​​បង្កង​ ដោយ​សារ​មាន​ការ​លូតលាស់​បាន​ល្អ មាន​ទំហំ​ធំ។ បើតាម​មន្រ្តី​កសិកម្ម​រូប​នេះ កសិករ​ខ្លះ​ទៀត​មាន​ផែនការ​ពង្រីក​ផ្ទៃដី​ស្រែ​ដែល​នៅ​សេសសល់​ ដើម្បី​ធ្វើ​ការ​ចិញ្ចឹម​បង្កង​ចម្រុះ​ជាមួយ​ដំណាំ​ស្រូវ។

“កសិករចិញ្ចឹមបង្កងទាំង ៦ គ្រួសារនេះ អ្នកខ្លះបានរៀបចំពង្រីកផ្ទៃដីស្រែ និងបានដាក់ស្តុកកូនបង្កងពូជរួចរាល់ហើយ រីឯអ្នកខ្លះទៀតនឹងមានផែនការពង្រីកផ្ទៃដីស្រែសម្រាប់ចិញ្ចឹមបង្កងជាបន្តទៀត ដើម្បីទទួលបានផលបង្កង​ច្រើនបន្ថែមទៀត”។

បើ​តាម​លោក ហាវ វិសិដ្ឋ​ ​ទិន្នផល​ទទួល​​បាន​មិន​ទាន់​ប្រមូល​ផល​អស់​នៅ​ឡើយ​ទេ។ ដោយសារ​កសិករ​ទាំង ៦ គ្រួសារ​ទើប​តែ​ដាក់​ពូជបង្កង​នៅអំឡុង​ខែ ៨ ឆ្នាំទៅនេះ បើ​គិត​មក​ដល់​ពេលនេះ​ទើប​តែ​បាន​ ៦ ទៅ ៧ ខែ ហើយ​ដល់​ចូល​ឆ្នាំ​ខ្មែរ​ដែល​ជា​រដូវ​ប្រមូល​ផល ទើប​ដឹង​ថា​​បាន​ផល​យ៉ាងណាចំណេញ​ឬ​ខាត​។

បើ​តាមមន្រ្តី​វារីវប្បកម្ម​ដដែល​​បញ្ជាក់​ថា ពូជ​បង្កង​ដែល​សាក​ល្បង​យក​មក​ចិញ្ចឹម​នេះ​​ជា​ពូជបង្កង​​ទឹកសាប ឬ​ដែល​គេ​ហៅ​ពូជ​បង្កង​ដៃ​វែង​ជាពូជ​បង្កងមាន​នៅ​​ក្នុង​ស្រុក ដែល​ពូជ​បង្កង​នេះ​ក៏​មាន​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដូចជា​ថៃ និង​វៀតណាម៕៕