ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន សម្រេចតែងតាំងលោក ស សុខា ជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សម្រាប់អាណត្តិឆ្នាំ២០២១ ដល់ឆ្នាំ២០២៤។ ខណៈពេលបច្ចុប្បន្នលោកជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង។
មិនមែនមានតែលោក ស សុខា ម្នាក់នោះទេដែលត្រូវបានផ្តល់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាល ឥស្សរជន ៥ រូបទៀតក៏ត្រូវបានតែងតាំងជាសមាជិកដូចគ្នាផងដែរនៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ គឺលោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង និងលោកបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ។
លោក ស សុខា ជាកូនប្រុសច្បងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្រៅពីតួនាទីក្នុងជួររដ្ឋាភិបាលកម្ពុជា សម្តេចក៏ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ស សុខា បច្ចុប្បន្នកំពុងកាន់តួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ជំនួសដំណែងសម្តេចក្រឡាហោម ស ខេង ដែលបានលាឈប់។ លើសពីនេះ លោកក៏ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំងអនុប្រធានសហភាពសព័ន្ធយុវជនកម្ពុជា ផងដែរ។
ចំណែកកូនទីពីររបស់សម្តេចក្រឡាហោម គឺលោកស្រី ស ស៊ីណា មិនមានប្រភពបញ្ជាក់កំពុងកាន់តួនាទីនៅក្រសួង ឬស្ថាប័នជាតិណានោះទេ។ ដោយឡែក កូនប្រុសពៅ គឺលោក ស រដ្ឋា មានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងក៏ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តបាត់ដំបងផងដែរ។