ក្រុមហ៊ុនអឺរ៉ុប BilderBerg Investment Group គ្រោងនឹងអភិវឌ្ឍន៍ទីក្រុងទំនើបឆ្លាតវៃ ក្នុងតម្លៃសរុបប្រមាណ ៦០០ពាន់លានដុល្លារអាមេរិក នៅខេត្តជាប់មាត់សមុទ្រកម្ពុជា គឺខេត្តកោះកុង។ បើតាមក្រុមហ៊ុនគម្រោងទីក្រុងឆ្លាតវៃនេះ ត្រូវបានប្រសិទ្ធនាមថា “ទីក្រុងអនាគត” ដែលសហការជាមួយវិនិយោគិនចំនួន ៤៤០នាក់។
លោក ដេននីស ហ្គីហ្គីល អនាគត ប្រធានក្រុមហ៊ុន Bilderberg Investment Group ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះនាសណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងក្រុងភ្នំពេញ បានគូសបញ្ជាក់ថា៖ “កម្ពុជាជាប្រទេសដែលមានស្ថិរភាពនយោបាយ និងសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានបើកទូលាយ សម្រាប់អ្នកវិនិយោគក្នុង និងក្រៅស្រុក ដែលនេះគឺជាកត្តាចម្បង ធ្វើឱ្យក្រុមហ៊ុនលោកសម្រេចចិត្តប្រកាសពីគម្រោងវិនិយោគមួយនេះឡើង។
លោក អនាគត បានបន្តថា ខេត្តកោះកុង គឺជាខេត្តឋានសួគ៌នៃធម្មជាតិ និងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ។ ក្នុងគម្រោង «អនាគត» របស់លោកផ្ទាល់ គឺផ្តោតលើការអភិវឌ្ឍយ៉ាងពេញទំហឹង លើវិស័យធំបី៖ មានវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មជាដើម។
លោក អនាគត បានអះអាងថា «អនាគត» នឹងក្លាយជាគម្រោងទីក្រុងទំនើបវៃឆ្លាតដ៏ធំមួយឈានមុខគេនៅអាស៊ី ដែលរួមទាំងតំបន់ហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ផ្តាច់មុខ និងប្រណីត តំបន់ទេសចរណ៍ធម្មជាតិ និងកសិកម្ម តំបន់កសិកម្មឆ្លាតវៃ តំបន់បច្ចេកវិទ្យា ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងសាសនារួមបញ្ចូលគ្នា ទាំងប្រាំមកពីជុំវិញពិភពលោក ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ គ្រប់ជាន់ថ្នាក់មកពីគ្រប់ទិសទីមករស់នៅ និងលេងកម្សាន្ត។
សូមជម្រាបជូនថា គម្រោង “អនាគត” ក្រុមហ៊ុនបានប៉ានប្រមាណថា គ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៥ ទៅ៧ឆ្នាំខាងមុខ ហើយនឹងបើកដាក់ឲ្យដំណើរការ នៅតំបន់មួយជាជំហានៗផងដែរ៕