មន្ទីរពេទ្យធំៗចំនួនពីរ ដែលជាជំនួយរបស់ប្រទេសចិន គ្រោងនឹងសម្ពោធប្រគល់ឲ្យមកកម្ពុជា នៅខែមីនាខាងមុខនេះ។ ខណៈជាងមួយទសវត្សរ៍កន្លងទៅនេះ ប្រព័ន្ធសុខាភិបាលនៅកម្ពុជាត្រូវបានកែទម្រង់ និងអភិវឌ្ឍកាន់តែប្រសើរឡើង។
លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ នាថ្ងៃទី០៧ កុម្ភៈម្សិលមិញបានលើកឡើងថា នៅអំឡុងខែមីនា ២០២២ខាងមុខនេះ មន្ទីរពេទ្យធំៗចំនួនពីរ ដែលជាជំនួយរបស់ចិន នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ក្នុងនោះ មានមន្ទីរពេទ្យមិត្តភាព «កម្ពុជា-ចិន ត្បូងឃ្មុំ» និងមន្ទីរពេទ្យមិត្តភាព «កម្ពុជា-ចិន ព្រះកុសុមៈ» នៅភ្នំពេញ។
មន្ទីរពេទ្យមិត្តភាព «កម្ពុជា-ចិន ត្បូងឃ្មុំ» ដែលមានតម្លៃជាង ៥០ លានដុល្លារ បានបញ្ចប់ការសាងសង់នាចុងខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅក្រោមជំនួយឥតសំណងរបស់ប្រទេសចិនស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ និងបញ្ចប់ការសាងសង់កាលពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។
ដោយឡែក អាគារមន្ទីរពេទ្យដែលជាជំនួយសាងសង់របស់ចិនតម្លៃជាង ៨០លានដុល្លារ មានឈ្មោះ «មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ» ក៏នឹងបើកជាផ្លូវការផងដែរ ក្រោយដំណើរការសាងសង់អស់រយៈពេល ៣ឆ្នាំ។
អាគារមន្ទីរពេទ្យថ្មីដ៏ធំខ្ពស់ស្កឹមស្កៃ នៅតាមបណ្តោយផ្លូវយោធពលខេមរភូមិន្ទ ឈ្មោះថា «កម្ពុជា-ចិន ព្រះកុសុមៈ» ដែលពីមុនហៅថា «មន្ទីរពេទ្យលោកសង្ឃ ឬ ព្រះកុសុមៈ» បានជាប់ការត្រួតពិនិត្យបច្ចេកទេសជោគជ័យ នៅពីថ្ងៃទី២៨ធ្នូកន្លងទៅ។ ការងារសាងសង់លើគម្រោងនេះ ត្រូវបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៨។
គួរជម្រាបថា អាគារ «មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ»នេះ មានកំពស់ ១១ជាន់ ១៣២បន្ទប់ ឬ ស្មើនឹង ៤០០គ្រែ ហើយត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ និងបែងចែកទៅជាផ្នែកផ្សេងៗ រួមមាន ផ្នែកវះកាត់ សេវាព្យាបាលក្រៅ សង្គ្រោះបន្ទាន់ បច្ចេកវិជ្ជាវេជ្ជសាស្ត្រ មន្ទីរពេទ្យ និងភស្តុភារ។
បើតាមក្រុមហ៊ុមម៉ៅការសាសងចិន អគារនេះមានសាងសង់ចំណតឧទ្ធម្ភាគចក្ររសម្រាប់សង្គ្រោះបន្ទាន់ ទម្ងន់មធ្យមពី ៣តោន ទៅ ៥តោន ផងដែរ៕