ថ្មីៗនេះ ក្រុមហ៊ុន Nissan Motor Co Ltd បានបង្ហើបថាខ្លួន មានគម្រោងបញ្ឈប់ការផលិតរថយន្តដែលប្រើប្រាស់ចំហេះសាំង នៅក្នុងទីផ្សារសំខាន់ៗទាំងអស់របស់ខ្លួន លើកលែងតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ព្រោះចង់ផ្តោតទៅលើការផលិតរថយន្តអគ្គិសនីជំនួសវិញ ។ យ៉ាងណានេះបើតាមការចេញផ្សាយពីគេហទំព័រ Nikkei bussiness daily ។
ជាក់ស្តែង Nissan នឹងបន្តការអភិវឌ្ឍន៍មានកម្រិតចំពោះម៉ាស៊ីនដែលប្រើប្រាស់សាំងរបស់ខ្លួន សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ខណ:ភាគច្រើនសម្រាប់រថយន្តប្រភេទភីកអាប់របស់ខ្លួន ។ តែទោះជាយ៉ាងណា Nissan មិនបានធ្វើការឆ្លើយតបភ្លាមៗ ជុំវិញរឿងនេះនោះឡើយ ។
បន្ថែមពីនេះ របាយការណ៍ពី Nikkei បានរាយការណ៍ទៀតថា កាលពីខែធ្នូ ក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះ មានគម្រោងសាងសង់រោងចក្រកែច្នៃអាគុយយានយន្តថ្មី ក្នុងទឹកដីសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប នៅចុងឆ្នាំសារពើពន្ធ ២០២៥ ។
គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនផលិតរថយន្តនៅទូទាំងពិភពលោក រួមទាំងក្រុមហ៊ុន General Motors និង Ford Motor Co ហាក់បានចូលរួម នៅក្នុងកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់ ដើម្បីផ្លាស់ប្តូរចក្ខុវិស័យរបស់ពួកគេ ដើម្បីក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីពេញធឹង ៕
ប្រភព: CNA